មន្ត្រី​ជំនាញ​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ចរាចរណ៍​ នៅ​ក្នុង​ប្រទេស​កម្ពុជា​

  • កំពង់ឆ្នាំង ៖លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ្រសួងសាធារណការនិងដឹកជញ្ជូននិងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណកម្មាធិការជាតិ សុវត្តិភាពចរាចរណ៍ផ្លូវគោកបានសំដែងនូវក្តីព្រួយបារម្ភ ចំពោះស្ថានភាព គ្រោះថ្នាក់ចរាចរណ៍ ដែលចំនួនជនរងគ្រោះស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតែមានទូរលេខខ្ពស់នៅឡើយ ។

    ការបង្ហាញនូវក្តីបារម្ភនេះ ត្រូវលោកជំទាវលើកឡើងនៅក្នុងសិក្ខាផ្សព្វផ្សាយស្តីពីលទ្ធផលការងារដែលសម្រេចបាន នៅខេត្តកំពង់ឆ្នាំងនៃគម្រោងធ្វើឲ្យប្រសើរឡើង សុវត្តិភាពចរាចរណ៍ផ្លូវគោក នារសៀលថ្ងៃទី២០ ខែមិនា ឆ្នាំ២០២៤ ។

    លោកជំទាវ មឹន មាណវី បានបញ្ជាក់ថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតែកើតមានច្រើន ហើយអ្នកស្លាប់គាកច្រើន ជាអ្នកប្រើប្រាស់ទោចក្រយានយន្ត និងអ្នកដែលមិនពាក់មួកសុវត្តិភាព ក្នុងពេលធ្វើដំណើរ ។ ករណីនេះទាមទារឲ្យអ្នកប្រើប្រាស់ផ្លូវគ្រប់រូបត្រូវពង្រឹងស្មារតីប្រុងប្រយ័ត្ន ក្នុងពេលបើកបរ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

    លោកជំទាវ បានមានប្រសាសន៍ទៀតថា ដើម្បីលើកកម្ពស់ សុវត្ថិភាពចរាចរណ៍ផ្លូវគោកសមត្ថកិច្ចគ្រប់លំដាប់ថា្នក់ត្រូវរឹតបន្តឹង នៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅលើដងផ្លូវសាធារណៈ ដោយពុំមានការ​យោគយលនោះឡើយ ។ ដើម្បីធានាឲ្យការអនុវត្តច្បាប់កាន់តែប្រសើរឡើង មន្រ្តីនគរបាលទាំងអស់ត្រូវពន្យល់ អប់រំណែនាំឲ្យប្រជាពលរដ្ឋយល់ច្បាស់ អំពីច្បាប់ចរាចរណ៍ផ្លូវគោក និងត្រូវចូលរួមអនុវត្តទាំអស់គ្នា ។

    លោក Ohno Manadu អនុប្រធានគម្រោង នៃក្រុមជំនាញចាយការ( jica ) បានបញ្ជាក់ឲ្យដឹងថា ក្នុងអំឡុង ឆ្នាំ២០២០ រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ការឧបត្ថម្ភគាំទ្រ ការងារអភិវឌ្ឍន៍ផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា លើ“ គម្រោងធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើផ្លូវជាតិសំខាន់ៗ ក្នុងប្រទេសកម្ពុជា”។ គោលបំណងគម្រោងនេះ គឺដើម្បីចូលរួមកាត់បន្ថយអត្រាអ្នកស្លាប់ និង អ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដោយផ្តោតទៅលើខេត្តចំនួន៥ នៅតាមបណ្តោយផ្លូវជាតិ លេខ៥ ដោយការអនុវត្តគម្រោងឆ្នាំទី១ ធ្វើនៅខេត្តបាត់ដំបង និងក្នុងឆ្នាំទី២ គឺនៅខេត្តកំពង់ឆ្នាំង ។

    លោក បញ្ជាក់ថា តាមរយៈសកម្មភាពនៅក្នុងខេត្តកំពង់ឆ្នាំង ក្រុមជំនាញការជប៉ុន (JICA) បានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយមន្ទីរសាធារណការ និងស្នងការដ្ឋាននគរបាលខេត្ត ពាក់ព័ន្ធនឹងសកម្មភាព លើកកម្ពស់ការយល់ដឹងពីសុវត្ថិភាពចរាចរណ៍ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ និងការអនុវត្តរឹតបន្ដឹងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង