អា​ជ្ញា​ធ​រ​ខេត្ត​កំ​ពង់​ឆ្នាំង​ប្រ​កាស​បើក​យុទ្ធ​នា​កា​រ​ចាក់​វ៉ាក់​សាំង​បង្កា​រ​ជំ​ងឺ​កូ​វី​ដ១​៩​ដល់​កុ​មារ​អា​យុ​៦​ឆ្នាំ​ដល់​អា​យុ​ក្រោម​១២​ឆ្នាំ​

  • កំពង់ឆ្នាំង ៖ អាជ្ញាធរខេ្តកំពង់ឆ្នាំងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កុមារ ដែលមានអាយុចាប់ពី០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ។

    ការប្រកាសបើកដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារនេះគឺបានធ្វើឡើងក្រោមអធិតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ។

    ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ១៩ ដល់កុមារ ដែលមានអាយុចាប់ពី៦ឆ្នាំដល់ក្រោម១២ឆ្នាំនេះ រដ្ឋបាលខេត្តបានរៀបចំទីតាំងចំនួន ៣៦​កន្លែង នៅទូទាំងខេត្ត ដើម្បីបង្ករលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ នាំកូនចៅមកទទួលវ៉ាក់សាំងបង្ការជំងឺកូវិដ១៩បានឆាប់រហ័ស និង សម្រេចបានតាមផែនការដែលដែលបានគ្រោងទុក ។

    លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង បានមានប្រសាសន៍ដោយគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្តល់វ៉ាក់សាំងការពារកូវីដ១៩ ជាបន្តបន្ទាប់ សម្រាប់ចាក់ជូនបងប្អូនប្រជាពលរដ្ឋ និងបកុមារដោយមិនគិតថ្លៃ។

    នៅក្នុងឱកាសនោះលោកជំទាវ ជូ ប៊ុនអេង បានអំពាវនាវ ដល់ មាតាបិតា និង អាណាព្យាបាលទាំងអស់ ដែលមានកូនចៅគ្រប់អាយុដែលបានកំណត់នេះ សូមយកមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា និង បន្តចូលរួមអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ពិសេសវិធានការ «៣កុំ និង៣ការពារ» ឱ្យបានត្រឹមត្រូវ ដើម្បីរួមគ្នាកាត់ ផ្តាច់ការចម្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង