ក្រសួង​ប្រៃ​សណីយ៍​នឹង​ដំឡើង​អង់តែន​ទូរ​ស័ព្ទ​ នៅ​តំបន់​ទេសចរណ៍​ចំនួន​៣​ ក្នុង​ស្រុក​ទឹក​ផុស ​ខេត្តកំពង់​ឆ្នាំង​

  • កំពង់ឆ្នាំង ៖ ក្រសួងប្រៃសណីយ៍ និង ទូរគនាគមន៍ បានសម្រេចធ្វើការដំឡើងអង់តែនសេវាទូរស័ព្ទ នៅតំបន់ទេសចរណ៍ចំនួន៣ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ខណៈបច្ចុប្បន្ន តំបន់ទេសចរណ៍ទាំង៣កន្លែងនេះ មិនទាន់មានសេវាទូរស័ព្ទប្រើប្រាស់នៅឡើយ ទេ ។

    នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រុមការងារបច្ចេកទេសអន្តរក្រសួង បានជួបប្រជុំជាមួយអាជ្ញាធរ មន្ត្រីពាក់ព័ន្ធនិង តំណាងក្រុមហ៊ុនទូរស័ព្ទ ដើម្បីពិភាក្សាទៅលើការងារបច្ចេកទេស និងចុះពិនិត្យមើលទីតាំងដែលត្រូវដំឡើងអង់តែន នៅតាមតំបន់ទេសចរណ៍និមួយៗ ។

    កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម ប្រាក់ សុវណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង ឯកឧត្តម ស្រ៊នសំឬទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង ។

    លោកស្រី ឡុញ ពិសា ប្រធានមន្ទីរ ប្រៃសណីយ៍និងទូរគមនាគមន៍ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា តំបន់ទេសចរណ៍ទាំង៣កន្លែងដែលត្រូវដំឡើងអង់តែនសេវាទូរស័ព្ទក្នុងពេលឆាប់ៗខាងមុខនេះមាន១, តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាល ស្ថិតនៅក្នុងភូមិកោះក្ទម្ពឃុំជៀប ។ ២, តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់អន្លង់ស្វាយស្ថិតនៅក្នុងភូមិក្បាលទឹក ឃុំក្បាលទឹក ។ និង ៣, តំបន់ទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ស្រែអំពិល ស្ថិតនៅក្នុងភូមិក្តុលសែនជ័យឃុំក្តុលសែនជ័យ ស្រុកទឹកផុស ។

    ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឲ្យដឹងថាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងសាងសង់ស្ថានីយ៍អង់តែន ចំនួន១០០បន្ថែមទៀត ដើម្បីពង្រឹងគុណភាពសេវាដល់គោលដៅទេសចរណ៍អាទិភាពនិងតំបន់ទេសចរណ៍ដាច់ស្រយាល ។

    ឯកឧត្តម បញ្ជាក់ថា ការសាងសង់ស្ថានីយ៍អង់តែននេះប្រើប្រាស់ថវិកា របស់មូលនិធិកាតព្វកិច្ចសេវាសកល ព្រមទាំងសហការ ជាមួយក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងស្ថាបន្តពាក់ព័ន្ធ និង ប្រតិបត្តិករទូរស័ព្ទចល័ត ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង