កំពង់ឆ្នាំង ៖ បទល្មើសរបាំងស្បៃមុងចំនួន១០កន្លែង ដែលជនខិលខូច លបលួចដាក់ស្ទាក់ចាប់ត្រី នៅតាមដងទន្លេ ក្នុងភូមិសាស្រ្ត ស្រុកជលគិរី ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ សម្រេចធ្វើការរុះរើបំផ្លាញចោល នៅនឹងកន្លែង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កម្លាំងជំនាញរដ្ឋបាលជលផល នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាលស្រុកជលគិរី និងសហគមន៍នេសាទភូមិថ្មី ចុះល្បាតតាមដងទន្លេ ត្រង់ចំណុចព្រែកប្រចាន់ ភូមិកោះធំ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានប្រទះឃើញបទល្មើសរបាំងស្បៃមុង ចំនួន១០ កន្លែង ដោយបានសម្រេចរុះរើបំផ្លាញចោល នៅនឹងកន្លែងតែម្តង ។

លោក លី ឡា បញ្ជាក់ឲ្យដឹងថា របាំងស្បៃមុង១០កន្លែងនេះ មានប្រវែង ៤០០ ម៉ែត្រ លូស្បៃមុង ចំនួន១០មាត់ បង្គោលចំនួន ២០០ដើម និងចាក់លែងត្រីចម្រុះ ចំនួន៣០គីឡូក្រាម ទៅក្នុងដែនទឹកធម្មជាតិវិញ ។

នៅក្នុងប្រតិបត្តិការណ៍ បង្ក្រាបបទល្មើសនេសាទនេះ កម្លាំងជលផល មិនបានឃាត់ខ្លួនជនសង្ស័យណាម្នាក់ឡើយ ។ពួកគេបានគេចខ្លួន នៅមុនពេលដែលកម្លាំង ជំនាញចុះទៅដល់ ៕











