ក្នុងអំឡុងពេល បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន កាលពីល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម HAYASHI Yoshimasa រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ។

បើយោងតាមទំព័រហ្វេសប៊ុករបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃនេះ ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន គឺក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។
គួរបញ្ជាក់ថា តាមការអញ្ជើញរបស់ក្រសួងការពារជាតិប្រទេសជប៉ុន ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងគណៈប្រតិភូ នៅប្រទេសជប៉ុន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ៕




រូបភាព៖Royal Embassy of Cambodia