អ្នក​ពាក់​ព័ន្ធ​១៤​នាក់​ជាមួយ​អ្នក​វិជ្ជមាន​កូវិដ.១៩ នៅ​ផ្សារ​សា​​​​​​លា​លេខ​៥​ លទ្ធ​ផល​ តេស្ត​លើក​ទី​មួយ​ អវិជ្ជ​មាន​ទាំង​អស់​

  • កំពង់ឆ្នាំង ៖ អ្នកពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវិដ.១៩ ជាអាជីវករនៅផ្សារសាលាលេខ៥ចំនួន១៤នាក់លទ្ធផលតេស្តលើកទីមួយអវិជ្ជមានទាំងអស់។ នេះបើតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិតប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ឲ្យដឹងនៅវេលាម៉ោង១២ថ្ងៃត្រង់ទី២៤ ខែមេសា ឆ្នាំ២០២១ ។

    លោកវេជ្ជបណ្ឌិតប្រាក់ វ៉ុន បានឲ្យដឹងថា លទ្ធផលតេស្តរហ័សលើកទីមួយ លើអ្នកដែលពាក់ព័ន្ធចំនួន១៤នាក់ គឺអវិជ្ជមានទាំងអស់ ។សូមបញ្ជាកថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញករណីវិជ្ជមានកូវិដ.១៩ ចំនួន៤នាក់ ដែលជាអាជីវករនៅផ្សារសាលាលេខ៥ ក្នុងស្រុកកំពង់ត្រឡាច ។

    ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងទៀតថា អ្នកវិជ្ជមានកូវិដ.១៩ទាំង៤នាក់នេះ ១.ឈ្មោះ ផេង ម៉ាលីស ភេទស្រី អាយុ៤៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិតាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាអាជីវករលក់ដូរក្នុងផ្សារសាលាលេខ៥ បានប៉ះពាល់ផ្ទាល់ជាមួយបងប្រុសឈ្មោះផេង ដារ៉ា (វិជ្ជមានកូវីដ-១៩) ក្នុងកំឡុងពីថ្ងៃទី៦-១៣ ខែមេសា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ។ ២.ឈ្មោះសំរិទ្ឋ សៀវម៉ី ភេទស្រី អាយុ២៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិតាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាអាជីវករលក់ដូរក្នុងផ្សារសាលាលេខ៥ ជាអ្នកប៉ះពាល់បន្តពី ផេង ម៉ាលីស និង ប្រយោលជាមួយផេង ដារ៉ា វិជ្ជមានកូវីដ-១៩ នៅផ្សារកណ្តាល ។៣.ឈ្មោះសូត្រ ស្រីពៅ ភេទស្រី អាយុ ៣០ឆ្នាំ មានអាស័យដ្ឋាននៅភូមិតាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាអាជីវករលក់ដូរក្នុងផ្សារសាលាលេខ៥ ជាអ្នកប៉ះពាល់បន្តពីផេង ម៉ាលីស។ និង ៤.ឈ្មោះភុំ រតនា ភេទស្រី អាយុ១៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិតាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាអ្នកនៅផ្ទះជាមួយផេង ម៉ាលីស។ អ្នកទាំង៤នាក់ បានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង