កងទ័ពមួកខៀវកម្ពុជា១៨៤នាក់ បានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសលីបង់ មកដល់កម្ពុជាវិញ ហើយកាលពីយប់ថ្ងៃទី០៣ ខែកុម្ភៈ ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌រក្សាសន្តិភាពនៅប្រទេសលីបង់ អស់រយៈពេល១ឆ្នាំប្រកបដោយជោគេជ័យ។ ពិធីទទួលដំណើរមាតុភូមិនិវត្តន៍កងមួកខៀវ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ក្នុងឳកាសទទួលដំណើរមាតុភូមិនិវត្តន៍របស់កងមួកខៀវកម្ពុជា នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថា បេសកកម្មនៅសាធារណរដ្ឋលីបង់ កម្លាំងមួកខៀវកម្ពុជាបានចូលរួមអនុវត្តបំពេញភារកិច្ចប្រកបដោយផ្លែផ្កា ព្រមជាមួយនឹងលទ្ធផលគួរជាទីមោទនៈ។ លើសពីនេះទៀត ខណៈពេលដែលស្ថានការណ៍ បាននឹងកំពុងបន្តការរាត ត្បាតនៅទូទាំងពិភពលោក ពិសេសក្នុងតំបន់បេសកកម្ម ដែលវិស័យសុខាភិបាលមិនទាន់មានការរីកចម្រើន កងកម្លាំងទាំងអស់ បានអនុវត្តយ៉ាងម៉ឺងម៉ាត់តាមការណែ នាំរបស់អង្គការសហប្រជាជាតិប្រចាំតំបន់បេសកកម្ម រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលកម្ពុជា រហូតទទួលបានជោគជ័យ ដោយមិនមានសមាជិកណាម្នាក់ ឆ្លងមេរោគដ៏កាចសាហាវ នេះឡើយ។
ក្នុងដំណើរត្រលប់មកដល់មាតុភូមិវិញនេះ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល សហការជាមួយក្រុមគ្រូពេទ្យរបស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានយកសំណាករបស់កងកម្លាំងទាំងអស់ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីវិភាគរកមេរោគកូវិដ១៩ ភ្លាមៗ ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានណែនាំដល់ កម្លាំងទាំងអស មិនត្រូវធ្វេសប្រហែលជាដាច់ខាត គឺត្រូវធ្វើចត្តាឡីស័កដោយខ្លួនឯងរយៈពេល៥ថ្ងៃបន្តទៀត រួមទាំងការអនុវត្តវិធានការ «៣កុំ និង៣ការពារ» ឱ្យបានម៉ឺងម៉ាត់ ។
គួរបញ្ជាក់ថា គិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ឆ្នាំ២០២២នេះ កម្ពុជាធ្លាប់បានរួមចំណែកបញ្ជូនកងកម្លាំងរក្សាសន្តិភាព ជាង៧ពាន់នាក់ ទៅបំពេញបេសកកម្មមនុស្សធម៌ជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមាន ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ ស៊ីរី ម៉ាលី អាហ្វ្រិកកណ្តាល សាយប្រឺស និងយ៉េមែនជាដើម។
បច្ចុប្បន្នកម្ពុជាមានកម្លាំងកងទ័ពមួកខៀវជិត ៨០០នាក់ ក្នុងនោះមាននារីជិត៨០នាក់ បាននឹងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ កាលពីរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជា ក៏បានបញ្ជូនកងទ័ពមួកខៀវចំនួន ១៨៤នាក់ ដែលជាកម្លាំងប្តូរវេនចេញទៅបំពេញបេសកកម្ម នៅសាធារណរដ្ឋលីបង់ ផងដែរ៕










