សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យអាជ្ញាធររាជធានី-ខេត្ត ត្រៀមអន្តរាគមន៍ជួយសង្រ្គោះពលរដ្ឋពីគ្រោះទឹកជំនន់

  • តាមរយៈសារសំឡេងពិសេសជាង៤នាទីនៅថ្ងៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យអភិបាលរាជធានី-ខេត្ត បន្តតាមដាន និងត្រៀមធម្យោបាយសម្ភារៈ កងកម្លាំង ដើម្បីត្រៀមអន្តរាគមន៍ជួយសង្រ្គោះពលរដ្ឋ និងទ្រព្យសម្បត្តិ ក្នុងតំបន់ទទួលខុសត្រូវ ខណៈដែលគ្រោះទឹកជំនន់បានកើតឡើងនៅតាមបណ្តាខេត្តមួយចំនួន។

    ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តតាមដានឲ្យជាប់ ត្រៀមធម្យោបាយសម្ភារៈ និងកងកម្លាំង សម្រាប់អន្ត​រាគ​មន៍​បន្ថែម នៅពេលអាជ្ញាធររាជធានី ខេត្ត ត្រូវការ។ ដោយឡែក អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ រួមនឹងបណ្តាអង្គភាពកងទ័ពដទៃផ្សេងទៀត ត្រូវត្រៀមលក្ខណៈ ធម្យោបាយសម្ភារៈ និងកងកម្លាំង ត្រៀមចេញអន្តរាគមន៍ជួយសង្រោះប្រជាពលរដ្ឋនៅតំបន់រងគ្រោះដោយសារទឹកជំនន់។

    ក្រៅពីនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏ណែនាំឲ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមនូវស្បៀង សម្ភារៈបរិក្ខាចាំបាច់ ក្នុងករណីត្រូវបញ្ចេញទៅឲ្យប្រជាពល​រដ្ឋដែលរងគ្រោះ តាមការស្នើសុំពីអាជ្ញាធរខេត្ត រាជធានី។ សម្រាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវត្រៀមស្រូវពូជ និងសម្ភារៈផ្សេងៗ សម្រាប់ស្រោចស្រង់ស្ដារឡើងវិញ ក្នុងករណីការចាំបាច់ ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ផលដំណាំរបស់ពលរដ្ឋ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង