រដ្ឋបាល​ព្រៃ​ឈើ អះ​អា​ងថា សួនសត្វភ្នំតា​ម៉ៅ​ជាង៤០០​ហិកតានៅ​តែដដែល ពលរដ្ឋច​ង់ទៅ​លេ​​ងពេល​ណាក៏​បាន

  • រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញមកអះអាងថា ការអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅ មិនប៉ះពាល់ នោះ​ឡើយ​ទៅលើសួនសត្វភ្នំតាម៉ៅ ដែលមានផ្ទៃដីជាង ៤០០ហិកតា បងប្អូនប្រជាពលរដ្ឋចង់ទៅលេង ពេលណាក៏បាន។ការចេញ មក​​បញ្ជាក់របស់ រដ្ឋបាលព្រៃឈើ បានធ្វើឡើងបន្ទាប់ពីមានការប្រតិកម្មមួយចំនួន ក្រោយពួកគេឃើញសកម្មភាពឈូស​ឆាយ​ដី​អភិវឌ្ឍ​តំបន់ជុំវិញភ្នំតាម៉ៅ។

    តាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ រដ្ឋបាលព្រៃឈើ បានឱ្យដឹងថា តំបន់ភ្នំតាម៉ៅ ជាតំបន់​ស្ថានី​យ​​​ស្តារព្រៃ​ឈើមួយ ដែលមានដាំដុះឈើដាំប្រភេទអាកាស្យា ប្រេងខ្យល់ និងឈើធម្មជាតិ។

    ក្នុងសេចក្តីប្រកាសព័ត៌មាន បានបន្ថែមថា តំបន់នេះពោរពេញទៅដោយដីខ្សាច់ ដំណុះឈើមិនមានការលូតលាស់ល្អទេ។ ដូច្នេះរាជរ​​ដ្ឋាភិបាលសម្រេចយកតំបន់នេះសម្រាប់ធ្វើការអភិវឌ្ឍដោយសារជាតំបន់មួយដែលនៅក្បែរទីក្រុង ក្បែរព្រលានយន្តហោះថ្មី និង​កៀក​តំបន់​ទេសចរណ៍ទន្លេបាទី។

    រដ្ឋបាលព្រៃឈើ បន្ថែមថា ការអភិវឌ្ឍតំបន់នេះ មិនមែនជាការលក់ដូរ ដូចការលើកឡើងនោះទេ តែជាការដោះដូរតំបន់នេះជាថ្នូរ​នឹង​ការអភិវឌ្ឍបន្ថែមដល់ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដោយកែលម្អឧទ្យានសួនសត្វភ្នំតាម៉ៅឱ្យមាន​ភាព​ប្រសើរ​ឡើង មានប្រព័ន្ធផ្លូវ អគារ សួនស្បារ អាងស្តុកទឹក ក៏ដូចជាការបង្កើតសារមន្ទីរជាតិនៅរាជធានីភ្នំពេញ ការបង្កើតសួនសត្វ​​​សា​ហ្វារី​នៅខេត្តសៀមរាប ការបង្កើតសួនភូតគាមនៅខេត្តមណ្ឌលគិរី និងការសាងសង់អគារធ្វើការរបស់មន្ត្រីរាជការ និងសម្ភារៈ​នានា។

    រដ្ឋបាលព្រៃឈើបានសង្កត់ធ្ងន់ថា ការដោះដូរ គឺអនុវត្តដោយមានភាពតឹងរ៉ឹង មានការវាយតម្លៃពីក្រុមហ៊ុនឯកជន និងមាន​​គណៈ​​កម្មកា​រ​ឯកជនភាវូនីយកម្ម ដែលមានអន្តរក្រសួង ពិនិត្យ និងវាយតម្លៃអំពោះការដោះដូរយ៉ាងត្រឹមត្រូវ។

    រដ្ឋបាល​​ព្រៃឈើ បានបញ្ជាក់ទៀតថា តំបន់នេះ ពុំមានសត្វព្រៃសំខាន់ៗជិតផុតពូជ និងកម្រ ដូចការលើកឡើងនោះទេ ហើយ​តំបន់​នេះ​មានជ្រូកព្រៃដែលតែងតែមករំខានដល់ដំណាំប្រជាពលរដ្ឋ។ សត្វព្រៃដេលលើកឡើងកន្លងមក គឺជា​សត្វព្រៃបានថែរក្សា​នៅ​ក្នុងឧទ្យានសួនសត្វភ្នំតាម៉ៅ ដែលមានសុវត្ថិភាព១០០ភាគរយ ហើយការអភិវឌ្ឍនេះ មិនមានការប៉ះពាល់ទាល់តែសោះ។

    រដ្ឋបាលព្រៃឈើ លើកឡើងទៀតថា សត្វដែលតែងតែលើកឡើងដោយអង្គការ សង្គមជនបរិស្ថាន និងសាធារណជននានា គឺជា​សត្វ​​ព្រៃ​​​ដែលកំពុងរស់នៅក្នុងទ្រុងនៃឧទ្យានសួនសត្វភ្នំតាម៉ៅ និងសត្វព្រៃមួយចំនួនទៀតដូចជាប្រើស រមុាំង ក្រៀល រនាល ទុង ត្រូវបានដោះលែងឱ្យរស់ក្នុងបរិវេណរបស់ឧទ្យានសួនសត្វភ្នំតាម៉ៅ ដែលមានរបងព័ទ្ធជុំវិញលើផ្ទៃដីជាង ៤០០ហិកតា និងមិន​មាន​សត្វ​​ព្រៃអាចចេញមកខាងក្រៅនោះទេ និងបានមើលថែរក្សា ផ្តល់ចំណីដោយរដ្ឋបាលព្រៃឈើ និងអង្គការនានា។ ការ​លើក​ឡើង​កន្លង​មក បានធ្វើឱ្យមានការភ័ន្តច្រលំថា ការអភិវឌ្ឍតំបន់នេះប៉ះពាល់ដល់សត្វព្រៃ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង