កំពង់ឆ្នាំង ៖ លោកឧកញ៉ា អុឹង ប៊ុនហូវ និង លោកជំទាវ បានរៀបចំកម្មវីធីប្រឡងដាល់អំបុក ក្រោមប្រធានបទ( អំបុកខ្មែរថែប្រពៃណីជាតិ ) ដើម្បីបង្ហាញពីប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែលជាមរតកវប្បធម៌ដូនតាបានបន្សល់ទុកតាំងពីសម័យបុរាណដ៏យូរលង់ណាស់មកហើយ ។

កម្មវិធីប្រឡងដាល់អំបុកនេះ ធ្វើឡើងមានរយះពេល២ថ្ងៃ គឺថ្ងៃទី១៨ និង ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នៅភូមិដំណាក់កកោះ ឃុំពោធិ ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ។ ដោយមានការចូលរួមពីសិល្បៈក សិល្បៈការនីនិងប្រជាពលរដ្ឋរាប់ពាន់នាក់ ។

គណៈកម្មាការរៀបចំកម្មវិធីប្រឡងដាល់អំបុកនេះបានឲ្យដឹងថា កម្មវិធីប្រឡងនេះមានរយៈពេល២ថ្ងៃចែកចេញជា៣វគ្គ គឺវគ្គទី១ នៅថ្ងៃទី១៨ បេក្ខជនបេក្ខនារីក្រុមសិល្បៈក សិប្បៈការនី ត្រូវប្រឡងច្រូតស្រូវ និង ចងកណ្ដាប់ នៅក្នុងស្រែនៅភូមិសំបកកន្ទ្រាញ ឃុំតាំងក្រសាំង ស្រុកទឹកផុស ។

វគ្គទី២ នៅព្រឹកថ្ងៃទី១៩ បេក្ខជន និង បេក្ខនារីត្រូវប្រឡងបោកស្រូវ អុំស្រូវ និរែងស្រូវ ដើម្បីយកគ្រាប់ស្រូវល្អៗត្រៀមទុកសម្រាប់ដាល់អំបុក ។

វគ្គទី៣ នៅរសៀលថ្ងៃទី១៩ បេក្ខជន បេក្ខនារី ទាំង៥ក្រុម ត្រូវប្រឡងដាល់អំបុក ដើម្បីយកពានរង្វាន់លោកឧកញ៉ា អុឹង ប៊ុនហូវ ដែលមានគណៈកម្មា ការវាយតម្លៃដាក់ពិន្ទុយ៉ាងសុក្រឹតដូចជាការច្រូតស្រូវក្នុងស្រែមិនឱ្យជ្រុះគួរស្រូវ ចេះចងកណ្ដាប់ត្រឹមត្រូវទៅតាមទម្លាប់កសិករ , ការបោកស្រូវឲ្យអស់ពីកណ្ដាល ការអុំ ការស្ទៃស្រូវឲ្យអស់សន្តី, ការលីងស្រូវឲ្យបានឆ្អិនល្មម ដើម្បីដាល់អំ បុកឲ្យបានល្អនិងមានរសជាតិឈ្ងុយឆ្ងាញ់ ព្រមទាំងការសាមគ្គីគ្នាក្នុងក្រុមជាដើម ។

ចំពោះលទ្ធផល នៃការប្រឡងដាល់បុក ក្រោមប្រធានបទ( អំបុកខ្មែរថែប្រពៃណីជាតិ )សម្រាប់ក្រុមលេខ១ ទទួលបានពានរង្វាន់និងថវិកាចំនួន២ ០០០ដុល្លារ, លេខ២ ទទួលបាន១៥០០ដុល្លារ ,លេខ៣ ទទួលបាន១០០០ ដុល្លារ ដោយឡែកក្រុម លេខ៤ និង ក្រុមលេខ៥ ទទួលបាន៣០០ ដុល្លារ ពីលោកឧកញ៉ា អុឹង ប៊ុនហូវ និង លោកជំទាវផងដែរ ។

នៅក្នុងពេលប្រគល់ពាន និង ប្រាក់រង្វាន់ជ័យលាភីដល់បេក្ខជនបេក្ខនារី លោកឧកញ៉ា អុឹងប៊ុនហូវ បានឲ្យដឹងថា កម្មវិធីប្រឡងដាល់អំបុកក្រោមប្រធានបទ (អំបុកខ្មែរ ថែប្រពៃណីជាតិ) នេះប្រសិនបើមានការគាំទ្រពីប្រជាពលរដ្ឋ និង អាជ្ញាធរក្នុងមូលដ្ឋាន លោកអាចនឹងបន្តធ្វើនៅឆ្នាំក្រោយៗ ជាបន្តបន្ទាប់ទៀត ៕











