កំពង់ឆ្នាំង៖កំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្លេខ៣៩,៤០ព្រំប្រទល់ រវាងខេត្តកំពង់ឆ្នាំង និង ខេត្តកំពង់ស្ពឺ ក្រោយពីធ្វើការជួសជុលហើយ នៅពេលនេះត្រូវទឹកជំនន់ទឹកភ្លៀងគំរាមសារជាថ្មីម្តងទៀត បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង នៅប៉ែកខាងលើ ( ទំនប់អន្លង់ជ្រៃ )។

ដោយមើលឃើញនូវស្ថានភាពទឹកជំនន់នេះ លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានបញ្ជូនគ្រឿងចក្រទៅកាយស្តាប្រឡាយបើកផ្លូវទឹកឲ្យធំនិងបញ្ជូនកម្លាំងទៅច្រកបាវខ្សាច់ទប់នៅតាមចិញ្ចើមផ្លូវ ការពារកុំឲ្យទឹកហូរច្រោះ និង ហូរកាត់លើផ្លូវ ដើម្បីសម្រួលការធ្វើចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋ ។

លោក ឆាយ លាភា បានបញ្ជាក់ឲ្យដឹងថា ប្រសិនបើស្ថានភាពទឹកនៅតែបន្តជន់ឡើង កម្ពស់កន្លះម៉ែត្រទៀតកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៩,៤០ នឹងត្រូវលិចសារជាថ្មី ។ ប៉ុន្តែសម្រាប់វិធានការបន្ទាន់ យើងត្រូវយកបាវខ្សាច់ទប់តាមចិញ្ចើមផ្លូវ និង កាយប្រឡាយបើកផ្លូវទឹកឲ្យធំ ដើម្បីឲ្យទឹកហូរបានលឿន ៕











