ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានប្រកាសប្រគល់ម៉ូតូម្នាក់មួយគ្រឿង ជារង្វាន់លើកទឹកចិត្តជូនដល់សិស្សនិទ្ទេសA នៅក្នុងខេត្តកំពង់ឆ្នាំងទាំង២២នាក់។

ការប្រកាសរបស់ឯកឧត្តមដូចនេះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ត របស់ខេត្តកំពង់ឆ្នាំង» នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបន្ថែមថា ម៉ូតូទាំង២២គ្រឿងដែលត្រៀមប្រគល់ជូនសិស្សនិទ្ទេសAនោះជាអំណោយរបស់ សម្តេចចៅហ្វាយវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និង ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

គួរបញ្ជាក់ថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង២៧ ធ្នូ ២០២១ ខេត្តកំពង់ឆ្នាំង មានសិស្សជាប់និទ្ទេស A ចំនួន ២២នាក់ ក្នុងចំណោមសិស្សនិទ្ទេស A ទូទាំងប្រទេសចំនួន ១៧៥៣នាក់៕
