ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កំពង់​ឆ្នាំង​ បញ្ចេញ​រថ​យន្ត​ជា​ច្រើន​គ្រឿង​ ដឹក​ទឹក​យក​ទៅ​បាញ់​នៅ​តាម​សាលា​រៀន​​

  • កំពង់ឆ្នាំង ៖ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង បានបញ្ចេញរថយន្តជាច្រើនគ្រឿង ដឹកទឹកយកទៅបាញ់នៅតាមសាលារៀន នានា ក្នុងក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ ដើម្បីកាត់បន្ថយកម្តៅ ខណៈពេលដែលស្ថានភាពអាកាសធាតុ កំពុងមានសភាពក្តៅខ្លាំងខុសពីធម្មតា ។

    លោកឧត្តមសេនីយ៍ត្រី លុយ ឌីណា ស្នងការរងនគរបាល ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អនុវត្តតាមការណែនាំរបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ស្នងការដ្ឋាននគរបាលខេត្ត បានបញ្ចេញរថយន្តជាច្រើនគ្រឿង ទៅបាញ់ទឹកនៅតាមសាលារៀននានា ដើម្បីកាត់បន្ថយកម្តៅ ដែលមានសភាពក្តៅខ្លាំងខុសពីធម្មតា ដែលអាចប៉ះពាល់ដល់សុខភាពសិស្ស ជាពសេស សិស្សតូចៗ ដែលកំពុងរៀននៅថ្នាក់បឋមសិក្សា ។

    លោកស្នងការរង បានឲ្យដឹងទៀតថា កាលពីថ្ងៃទី៣ ពេលព្រឹកបាញ់ទឹកនៅវិទ្យាល័យព្រះបាទសុរាម្រឹត និងនៅពេលរសៀល បាញ់ទឹក នៅសាលាបឋមសិក្សាគំរូក្រុង ។ ហើយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤នេះ បាញ់នៅស្រុករលាប្អៀរ ។ ចំពោះការដឹកទឹកយកទៅបាញ់ កាត់បន្ថយកម្តៅនៅតាមសាលារៀននេះ ជាបន្ទុករបស់ស្នងការដ្ឋាននគរបាលខេត្ត ដោយមានការឧបត្ថម្ភពី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង