ខេត្ត​កំ​ពង់​ឆ្នាំ​ង ប្រារព្ធ​​ទិវា​ជាតិ​ នៃ​ការ​ចង​ចាំ ​​២០​ឧស​ភា​ នៅ​វត្ត​មង្គល​បញ្ញា​ ក្នុង​ឃុំ​ជ្រៃ​បាក់​ ស្រុក​រ​លា​ប្អៀរ​

  • កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំទិវាជាតិ នៃការចងចាំ ដោយមានរាប់បាត្រប្រគេនព្រះសង្ឃ ដើម្បីបង្សុកូលឧទ្ទិសកុសល ជូនវិញ្ញាណក្ខ័ន្ធបុព្វបុរសនិងប្រជាជនស្លូតត្រង់ ដែលបានបាត់បង់ជីវិត ក្រោមរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

    ពិធីនេះបានប្រារព្ធធ្វើឡើង នៅវត្តមង្គលបញ្ញា ក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ក្រោមវត្តមាន ឯកឧត្តម ស៊ុន សុវណ្ណា​រិទ្ធិ អភិបាលខេត្តនិងជាប្រធាគណៈកម្មាធិការគណបក្យប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង ។

    នៅក្នុងពិធីនេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ​ បានថ្លែងដោយគូសបញ្ជាក់ថា ថ្ងៃទី២០ឧសភា ជាថ្ងៃរំលឹកទិវាជាតិ នៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជា
    របបដ៏ឃោរឃៅនិងខ្មៅងងឹត។ទិវានេះជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

    ឯកឧត្តម អភិបាលខេត្តបានថ្លែងបន្តថា ប្រជាពលរដ្ឋកម្ពុជា ភាគច្រើនលើសលប់បានដឹង និង បានយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ក្នុងភ្នក់ភ្លើងសង្គ្រាម និង ទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួន
    ដោយបង្ខំ និង ការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម ។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

    ដើម្បីកុំឲ្យរបបនេះវិលត្រឡប់មកវិញ យើងត្រូវចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្សពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង