រដ្ឋ​មន្ត្រី​ក្រ​សួង​ទេស​ចរណ៍​៖ ខែ​តុលា​ មាន​ភ្ញៀវ​ចេញ​ដើរ​កម្សាន្ត​ជាង​១​លា​ន​៤៨​ម៉ឺន​នាក់​ កើន​ឡើង​ជាង​៤០០%​ បើ​​ប្រៀប​​ធៀប​​នឹង​រ​យៈ​ពេល​ដូច​គ្នា​នៅ​ខែ​កញ្ញា​ ២០​២១​

  • ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអោយដឹងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣១ ខែតុលា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន ១៩៣,៤១៧ នាក់ កើនឡើង ៣៨.២៨% ធៀបនឹងចុងសប្តាហ៍ទី៣នៃខែតុលា។


    ក្នុងចំណោមភ្ញៀវទេសចរសរុបទាំងនោះមានភ្ញៀវជាតិ ១៨៨,៤៧២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៤,៩៤៥ នាក់។ចំនួនភ្ញៀវទេសចរបរទេសផ្ទៃក្នុងនៅចុងសប្ដាហ៍ទី៤នៃខែតុលានេះ គឺមានការកើនឡើងគួរឱ្យកត់សម្គាល់។

    ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបន្តថា រយៈពេលពេញមួយខែតុលា ឆ្នាំ២០២១ ភ្ញៀវសរុបដែលបានចេញដើរកម្សាន្តមានចំនួន ១,៤៨៣,០៩៩ នាក់ កើនឡើង ៤០៣.១៦% ធៀបនឹងខែកញ្ញាកន្លងមក។
    គោលដៅទេសចរណ៍សំខាន់ៗក្នុងខែតុលា រួមមាន៖
    * ខេត្តកំពត៖ ២៣០,០៤៦ នាក់
    * ខេត្តព្រះសីហនុ៖ ១៩៨,៩៦៥ នាក់
    * ខេត្តកែប៖ ១៤៨,២១៣ នាក់
    * រាជធានីភ្នំពេញ៖ ១២២,៣១៥ នាក់
    * ខេត្តពោធិ៍សាត់៖ ១០៨,១៤០ នាក់
    * ខេត្តសៀមរាប៖ ៨៣,៣៩៤ នាក់
    * ខេត្តបាត់ដំបង៖ ៧៤,៣៧១ នាក់
    * ខេត្តកំពង់ចាម៖ ៧២,១២៩ នាក់។

    ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានកត់សម្គាល់ថា ចំនួនទេសចរណ៍ផ្ទៃក្នុងដែលមានចំនួនច្រើនក្នុងខែតុលានេះ គឺបានមកអាស្រ័យដោយរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេសបើកដំណើរការឡើងវិញតាមគន្លងប្រក្រតីភាពថ្មី ខណៈដែលវិធានការរដ្ឋបាលដោយឡែករបស់រាជធានី-ខេត្ត ពាក់ព័ន្ធនឹងការផ្អាកដំណើរការរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាក៏ត្រូវបានបិទបញ្ចប់ ស្របពេលដែលខែតុលានេះមានថ្ងៃឈប់សម្រាកច្រើន ពិសេសពិធីបុណ្យភ្ជុំបិណ្ឌ។

    ឯកឧត្ដមបានបន្តថា មូលដ្ឋានអាជីវកម្មនៅតាមគោលដៅដែលធ្លាប់រងផលប៉ះពាល់ខ្លាំងពីវិបត្តិកូវីដ-១៩ ដូចជានៅខេត្តសៀមរាប និងខេត្តបាត់ដំបងជាដើម បានផ្តើមប្រតិបត្តិការឡើងវិញជាបណ្តើរៗ ដែលជាមួយក្តីសង្ឃឹមប្រកបដោយសុទិដ្ឋិនិយម ខណៈដែលគោលដៅដែលពេញនិយម ពិសេសគោលដៅខេត្តតំបន់ឆ្នេរសមុទ្រ នៅតែជាគោលដៅដែលស្រូបទាញលំហូរភ្ញៀវទេសចរបានច្រើន។

    ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុនបានលើកឡើងថា រមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍ ព្រមជាមួយមូលដ្ឋានអាជីវកម្មទេសចរណ៍សំខាន់ៗ ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ជាដើម បានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) ស្របពេលដែលក្រសួងទេសចរណ៍កំពុងរៀបចំ និងដាក់ចេញនាពេលឆាប់ៗនេះនូវវិធានសុវត្ថិភាពទេសចរណ៍ និង SOP សម្រាប់សេវាសំខាន់ៗផ្សេងទៀត ដូចជាស្ប៉ា និងម៉ាស្សា បៀរហ្កាឌិន សេវាកម្សាន្តផ្សេងៗទៀតជាដើម ស្របតាមផែនការយុទ្ធជំរុញចលនាទេសចរណ៍ផ្ទៃក្នុង (២០២១-២០២៣)៕

    រូបភាព៖ ក្រសួងទេសចរណ៍

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង