កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៧០គ្រួសារ រស់នៅក្នុងឃុំកំពង់ព្រះគគី ក្នុងស្រុកបរិបូណ៍ បានទទួលអំណោយ ពីអាជ្ញាធរខេត្តកំពង់ឆ្នាំង ។
អំណោយមនុស្សធម៌នេះត្រូវបានឯកឧត្តមអម សុភា អភិបាលរងខេត្តកំពង់ឆ្នាំងលោកថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនិតិសម្បទាខេត្ត លោកដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត នាំយកទៅចែកជូនដោយផ្ទាល់ដៃ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ។
ក្នុងឱកាសនោះឯកឧត្តមអម សុភា បានពាំនាំនូវការផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន និងសម្ដេចគតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចទាំងទ្វេរតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ជាពិសេសនៅក្នុងរយៈពេលដែលបងប្អូនប្រជាពលរដ្ឋ កំពុងជួបនូវគ្រោះជំនន់ទឹកភ្លៀងនៅពេលនេះ។
ឯកឧត្តមអភិបាលរងខេត្ត បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋត្រូវតែបន្តយកចិត្តទុកដាក់ថែរក្សាសុខភាព ជាពិសេសរួមគ្នាទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ និងត្រូវមានការប្រុងប្រយ័ត្នចំពោះក្មេងតូចៗលេងទឹកព្រោះជាបញ្ហាប្រឈមទៅនិងការលង់ទឹក ហើយត្រូវថែរក្សាសុខភាពតាមរយៈការហូបស្អាត ផឹកស្អាតនិងរស់នៅមានអនាម័យ ព្រមទាំងយកចិត្តទុកដាក់បន្ថែមទៀត លើការងារបង្ករបង្កើនផលស្រូវរដូវប្រាំង ការដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីបង្កើនសេដ្ឋកិច្ចក្នុងគ្រួសារ និងមិនត្រូវប្រព្រឹត្តបទល្មើសនេសាទ ដោយប្រើឧបករណ៍ហាមឃាត់ឡើយ ៕
ចំពោះអំណោយដែលចែកជូនទាំង៧០គ្រួសារនាពេលនេះដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២០គីឡូក្រាម មី១កេះ ទឹកត្រី១យួរ និងក្រម៉ា០១ ៕