សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ធ្វើយុទ្ធនាការផ្សព្វផ្សាយពីការព្យាបាលអ្នកញៀនគ្រឿងញៀន នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល

  • សមាគម​គ្រូពេទ្យស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​ ហ៊ុន សែន​ (TYDA) ​សហការ​ជាមួយ​នាយក​ដ្ឋានអប់រំ​សុខភាព​ផ្លូវចិត្ត និង​បំពាន​គ្រឿង​ញៀន នៃ​​​​​ក្រសួង​សុខា​ភិបាល ​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះជួយ ​ឃុំព្រែក​តាមាក់​ និង​អាជ្ញា​ធរ​ ភូមិឃុំ​ បាន​ធ្វើ​យុទ្ធនា​ការ​ផ្សព្វផ្សាយ​ពីវិធាន​ការ​ប្រយុទ្ធ​ប្រឆាំង​​ការប្រើប្រាស់​គ្រឿងញៀន​ និង​ការ​ព្យាបាល​ចំពោះ​អ្នកញៀន​គ្រឿងញៀន ​ជូន​ដល់​ប្រជាជន​ និង​យុវជន​នៅក្នុង​មូលដ្ឋាន​ឃុំព្រែក​តាមាក់​ ស្រុក​ខ្សាច់​កណ្ដាល​ ខេត្តកណ្ដាល​ កាលពី​ព្រឹក​ថ្ងៃទី ​១២ ខែ មករា ​ឆ្នាំ ២០២០​។

    វេជ្ជបណ្ឌិត​ ស៊ឹម ​សុខ​ចាន់ ទទួល​បន្ទុក​ដឹកនាំ​បេសកកម្មអប់រំ​សុខភាព​សហគមន៍​នៃ​សមាគម​ TYDA​ បានបញ្ជាក់​ថា បេសកកម្ម​នៃ​កម្មវិធី​អប់រំ​សុខ​ភាពនៅ​តាម​បណ្ដា​សហគមន៍​របស់​សមាគម​គ្រូពេទ្យស្ម័គ្រ​ចិត្តយុវជន​សម្ដេច​តេជោ​ប្រចាំ​ឆ្នាំ​២០២០ដើម្បីចូលរួម​ចំណែក​ជាមួយ​ក្រសួង​សុខា​​ភិ​បា​ល​ ដើម្បី​លើកកម្ពស់​នូវការ​យល់ដឹង​និងបង្ការ​ការ​ប្រើប្រាស់​គ្រឿង​ញៀននិង​បង្កើន​ការ​យល់​ដឹង​នៃការ​ថែ​ទាំ​សុខភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ផង​ដែរ​។​

    ម្យ៉ាង​ទៀត​ថា ការអប់​រំ​សុខភាព​នេះ គឺ​ដើម្បីទប់​ស្កាត់​នៃ​ការប្រើ​ប្រាស់​គ្រឿង​ញៀន​ និង​ការ​រើស​អើង​នៃ​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ព្រោះ​ថា​ពួក​គាត់​​គឺជា​ជន​រង​គ្រោះ​​មិនមែន​​​ជាឧក្រិដ្ឋ​ជន​នោះ​ទេ ហើយ​ត្រូវ​ការ​ព្យាបាល​ និង​ការ​លើក​ទឹក​ចិត្ត​។​

    លោក​ប​ន្តថា ​យុទ្ធនា​ការ​នេះ​ ក៏​មាន​ការ​បែង​ចែក​ជា​ក្រុម​តូច​ៗ​បន្ថែម​ទៀត ​ដើម្បី​ចុះផ្សព្វផ្សាយ​ណែនាំ​នៅតាម​ខ្នងផ្ទះ​បងប្អូន​ប្រជាពល​រដ្ឋផ្ទាល់​ នៅ​ក្នុង​ភូមិ​ទាំង​ ១០​ នៃ​ឃុំ​ព្រែក​តា​មាក់​ បាន​ចំនួន​៦៦០​ខ្នង​ផ្ទះ ព្រម​ទាំង​បាន​ចែកនូវ​ឱសថ​ព្យាបាល​ និង​សម្ភារ​សិក្សា​មួយ​ចំនួន​ផង​ដែរ​។​

    សូម​បញ្ជាក់​ថា ក្រៅ​ពី​សកម្មភាព​មនុស្ស​ធម៌​ចុះពិនិត្យ​ និង​ព្យាបាល​ប្រជាពលរដ្ឋ កុមារ​កំព្រា​ កងទ័ព​ គ្រួសារ​កងទ័ព​ដាក់​ឥត​គិត​ថ្លៃ សមាគម​គ្រូ​ពេទ្យ​​ស្ម័គ្រ​​ចិត្តយុវជន​សម្តេច​តេជោ​ ( TYDA) ក៏បាន​ចុះ​អប់រំ​សុខ​ភាព​ដើម្បី​បញ្ជ្រៀប​ការ​យល់​ដឹង​អំពី​ការ​ថែទាំ​សុខ​ភាព​តាម​រយៈ​ការ​រស់​នៅ​ស្អាត​ហូប​ស្អាត ​ផឹក​ស្អាត​ និង​ការ​បញ្ជ្រាប​ការយល់​ដឹង​អំពី​គ្រោះ​ថ្នាក់​គ្រឿង​ញៀន​ដល់​សហគមន៍​ដែល​ងាយ​រង​គ្រោះ​នៃ​គ្រឿង​ញៀន​ជាង​រៀង​រាល់​ខែ​ផង​ដែរ​។​

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង