រថយន្តក្រុង​​របស់​រដ្ឋបាលរាជធានីភ្នំពេញ​ ចាប់​ផ្តើម​​​ដឹក​អ្នកដំណើរ​ទៅស្រុកកំណើត​ ​ដោយឥតគិតថ្លៃ ក្នុងឳកាស​ពិធី​បុណ្យភ្ជុំបិណ្ឌ

  • នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ មានពលរដ្ឋជាច្រើននាក់បានសម្រុកជិះឡើងរថយន្តក្រុង ដោយឥតគិតថ្លៃទៅស្រុកកំណើត ក្នុងឳកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ។ ពលរដ្ឋជាច្រើននាក់ សម្រុកមកឡើង​​ជិះរថ​​យន្តក្រុង​តាំង​​ពី​​ព្រឹកព្រលឹម ដោយបានបង្ហាញក្តីរីករាយ និងលើកឡើងថា ការផ្តល់សេវាធ្វើ ដំណើរ ដោយឥតគិតថ្លៃនេះ គឺបាន​ជួយសម្រួល​បន្ទុក​ចំណាយជាច្រើន ក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើត។

    ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏សុំការយោគយល់​អធ្យាស្រ័យប្រសិនមានចំណុចខ្វះខាតណាមួយដែលរដ្ឋបាល​រាជធានីភ្នំពេញ បានរៀបចំនិងអំពាវនាវដល់ពលរដ្ឋប្រុងប្រយ័ត្ន ចំពោះការក្លែងបន្លំពីជនខិលខូចទារប្រាក់ជាថ្នូរក្នុងការឡើង​ជិះ​រថយន្តក្រុងនេះ។

    គួរបញ្ជាក់ថា បន្ទាប់ពីផ្អាកសកម្មភាពដឹកជញ្ជូនពលរដ្ឋទៅកាន់ស្រុកកំណើត ដោយឥតគិតថ្លៃ រយៈពេល២ឆ្នាំគឺនៅឆ្នាំ២០២០ និង​២០២១ ដោយសារកម្ពុជាជួបនូវបញ្ហាជំងឺកូវីដ១៩ សម្រាប់បុណ្យភ្ជុំបិណ្ឌឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញ​រថយន្តក្រុង​ចំនួនជាង១០០ គ្រឿង ដឹកអ្នកដំណើរ ដោយឥតគិតថ្លៃ ទៅមកស្រុកកំណើតនៅតាមបណ្តាខេត្ត រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ។

    ស្របគ្នានេះ ក្រសួងសាធារណការនិងដឹកជញ្ជូន សហការជាមួយ ក្រុមហ៊ុនរ៉ូយ៉ាល់រេលវ(Royal Railway) ក៏រៀបចំដាក់ឱ្យដំណើរ​ការខ្សែរថភ្លើង​ចំនួន២ខ្សែ ដឹកអ្នកដំណើរដោយឥតគិតថ្លៃ រយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃ២៦ ខែកញ្ញា ផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង