ក្រុម​ប្រឹក្សា​ខេត្តកំពង់​ឆ្នាំង ​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី១៦ អាណ​ត្តិទី៣​

  • កំពង់ឆ្នាំង ៖ កិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១ខែតុលា ឆ្នាំ២០២០ ដោយ​បាន​ប្រព្រឹត្តទៅក្រោមអធិបតីភពឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និង ឯកឧត្តមអម សុភា អភិបាលរងខេត្ត និងមាន​ការចូល​រួមពី​សំណាក់ថ្នាក់ដឹកនាំមន្ទីរ មន្រ្តីជំនាញ តាមមន្ទីរអង្គភាពជុំវិញខេត្ត ផងដែរ។ កិច្ចប្រជុំក្រុមប្រឹក្សានាពេលនេះធ្វើឡើងដើម្បីពិនិត្យ និង ឆ្លង​របាយ​ការណ៍​​សមិទ្ធផលសកម្មភាពការងាររបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង​ដែលបាន​សម្រេច​បាន​នាខែកន្លងមក។
    ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា នៅក្នុងរយៈពេលកន្លងមកនេះខេត្តកំពង់ឆ្នាំង បានជម្រុញ​ការ​អភិវឌ្ឍន៍​លើគ្រប់​វិស័យ​ ដោយធានាបាននូវសន្តិសុខ សុវត្ថិភាព និង កំណើនសេដ្ឋកិច្ចផងដែរ ។ ដើម្បីចូល​រួម​អនុវត្តន៍​ជាមួយនិង​គោល​នយោ​បាយរបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលនៃស្ថានភាពប្រយុទ្ធប្រឆាំង នឹង ជំងឺកូវីដ១៩ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបំពេញបេសកម្មយ៉ាង​យក​ចិត្តទុកដាក់ និង បានបន្ត​ធ្វើការ​ផ្សព្វ​ផ្សាយដោយផ្ទាល់នៅមូលដ្ឋានជាប់ជាប្រចាំ ។
    ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានសម្តែងនូវការកោតសរសើរ ចំពោះគណអភិបាលខត្តមន្រ្តី​រាជការ​គ្រប់លំដាប់​ថ្នាក់​ដែល​បាន​រួបរួមគ្នាកសាងនិងអភិវឌ្ឍន៍ខេត្ត ដែលធ្វើអោយខេត្តមួយនេះមានការកែប្រែមុខមាត់ថ្មី ទាក់ទាញបានវិយោគិនមកបណ្តាក់ទុនរកស៊ី ធ្វើអោយ​ប្រជា​ពល​រដ្ឋមានជីវភាពកាន់តែប្រសើរឡើងថែមទៀត ពិសេស គឺការចូលរួមលើកកម្ពស់ផលិតភាពលើវិស័យកសិកម្ម ។
    ឯកឧត្តម ឡុង ឈុនឡៃ បានបញ្ជាក់ថា ដើម្បីអោយខេត្តកំពង់ឆ្នាំង មានការអភិវឌ្ឍន៍បន្ថែមទៀតនោះ មន្ទីរជំនាញ និង អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​ ត្រៀមចូលរួមដោះស្រាយរាល់បញ្ហាប្រឈមដែលអាចកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួនអោយបានទាន់ពេលវេលា ។ ដោយ​ឆ្លើយតប​បាន​តាម​តម្រូវ​ការ​របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។ បញ្ហាសសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈគឺជាកត្តាមួយដែល​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​ ការពារជូនប្រជាពលរដ្ឋឲ្យបានល្អ និង ត្រូវចូលរួមអនុវត្តឲ្យបាននូវគោលនយោ​បាយ​ភូមិឃុំមានសុវត្ថិភាព​ផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង