កំពង់ឆ្នាំង ៖ សាលាបឋមសិក្សាគំរូក្រុងនឹងបើកដំណើរការឡើងវិញ នៅដើមខែវិច្ឆិកា ឆ្នាំ២០២១។នេះបើតាមការជូនដំណឹងរបស់ លោក នុត អង្គារ ដែលជានាយកសាលាបឋមសិក្សាគំរូក្រុង នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ។

លោក នុត អង្គារ បានបញ្ជាក់ឲ្យដឹងថា យោងតាមលិខិតលេខ៦០ របស់ក្រសួងអប់រំ យុវជននិងកីឡាសាលាបឋមសិក្សាគំរូក្រុងនឹងបើកដំណើរការឲ្យសិស្សចូលរៀនឡើងវិញ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកានៅផ្នែកខាងជើង នឹង នៅថ្ងៃទី៨ ខែវិច្ឆិកា នៅបរិវេនខាងត្បូង ដោយសារផ្នែកខាងត្បូងកន្លងទៅត្រូវបានដាក់ជាមណ្ឌលចត្តាឡីស័ក និង ព្យាបាល
ជំងកូវិដ១៩ ហើយមិនទាន់បានសំអាត ។
គួររម្លឹកថា កាលពីថ្ងៃទី២១ ខែតុលា លោក សឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា គ្រឹះស្ថានសិក្សារបស់រដ្ឋនៅខេត្តកំពង់ឆ្នាំង ប្រមាណជាង ៧៥ ភាគរយ គ្រោងនឹងដាក់ឱ្យដំណើរការជាបន្តទៀត ក្រោយពីការបើកសាលារៀនសាកល្បងនៅលើកដំបូង បានដំណើរការដោយរលូនមិនមានឧបសគ្គ ។
លោកប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា នៅខេត្តកំពង់ឆ្នាំង បានបើកសាលារៀន ជាលើកដំបូង ក្នុងដំណើរការសាកល្បង ចាប់តាំងពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ មកម្លេះ លើកកម្រិតថ្នាក់ទី៩ និង ទី១២ បានប្រមាណជា១០ភាគរយហើយ ។
ក្នុងដំណើរការសាកល្បងនេះ បានប្រព្រឹត្តទៅដោយរលូន មិនមានជាឧបសគ្គនោះឡើយ ។ នៅក្នុងពេលខាងមុខនេះ ខេត្តកំពង់ឆ្នាំងនឹងបើកសាលារៀន ឱ្យបានរហូតដល់៧៥ភាគរយ ។ ចាប់ពីថ្នាក់បឋមសិក្សាឡើងទៅ ដែលអាចនឹងដាក់ឱ្យដំណើរការចុងខែតុលា ឬ នៅដើមខែវិច្ឆិកា ឆ្នាំ២០២១នេះ ។
លោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំ យុវជននិងកីឡា ខេត្តកំពង់ឆ្នាំង បានឱ្យដឹងទៀតថា បើទោះបីការបើកដំណើរការសាលារៀន ជាបន្តបន្ទាប់យ៉ាងណាក៏ដោយ នៅតាមសាលានី មួយៗ នៅតែប្រកាន់ខ្ជាប់នូវ គោលការណ៍ប្រតិបត្តិស្តង់ដារ សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវីដ-១៩ អំពីវិធាននានា រួមទាំងវិធានការសុខាភិបាល ដើម្បីគ្រឹះស្ថានសិក្សាអាចរៀបចំ និង ត្រៀមលក្ខណៈដំណើរការការបង្រៀននិងរៀនឡើងវិញ ក៏ដូចជាការបន្តអភិវឌ្ឍគ្រឹះស្ថានសិក្សានីមួយៗឱ្យមាននិរន្តរភាព ធានាបាននូវសុវត្ថិភាព សុខភាពសម្រាប់បុគ្គលិកសិក្សា គ្រូបង្រៀន និងសិស្សានុសិស្សក្នុងបរិបទកូវីដ-១៩ និង ទៅអនាគត ៕










