អាជ្ញាធរ៖ ខេត្ត​កំពង់ឆ្នាំង​ បន្ត​​​បម្រាម​​គោចររយៈពេល​៧ថ្ងៃ​​ទៀត​ ខណះការអនុវត្ត១៤ថ្ងៃមានស្ថានភាពល្អប្រសើរ

  • កំពង់ឆ្នាំង៖ បន្ទាប់ពីការអនុវត្ត បម្រាមគោចររយៈពេល១៤ ថ្ងៃចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ខេត្តកំពង់ឆ្នាំងមាន ស្ថានភាពល្អប្រសើរនិងអត្រាការឆ្លងថ្មីនៃអ្នកជំងឺកូវីដ១៩ប្រចាំថ្ងៃ ក៏មានការថយចុះផងដែរ ។នេះបើតាមការបញ្ជាក់របស់ ឯក​ឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ប្រាប់MYFM News នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ។ឯកឧត្តម អម សុភា អភិបាលរងខេត្ត បានបន្តថា រដ្ឋបាលខេត្តកំពង់ឆ្នាំងបន្តដាក់បម្រាមគោចរ រយៈពេល៧ថ្ងៃទៀត​ ដើម្បីបន្ត ប្រយុទ្ធនិងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ដោយឡែក ការអនុវត្តបម្រាមគោចររយៈពេល១៤ថ្ងៃកន្លងមកដ្បិតតែមានស្ថានភាពល្អប្រសើរ ប្រជាជនមួយចំនួនធំបានចូលរួមសហការជាមួយអាជ្ញាធរប៉ុន្តែនៅមានប្រជាជនមួយចំនួនតូចមិនបានចូលរួម ដែលតម្រូវអោយអាជ្ញាធរបន្តធ្វើការផ្សព្វផ្សាយអប់រំ ដល់ពួកគាត់បន្ថែមទៀត។ដើម្បីចូលរួមទប់ស្កាត់ឲ្យបាននូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសការទប់ស្កាត់ការរីករាលដាលវីរុសបំប្លែងថ្មីប្រភេទដែល ឯកឧត្តម អម សុភា ក៏បានស្នើរឱ្យគ្រប់មន្ទីរទាំងអស់ចំណុះឱ្យរដ្ឋបាលខេត្ត និងប្រជាជនទូទាំងខេត្តកំពង់ឆ្នាំង ត្រូវបន្តប្រុងប្រយ័ត្នខ្ពស់អនុវត្តឱ្យបានខ្ជាប់ខ្ជួនវិធានការសុខាភិបាលនិង វិធានការ៣កុំ៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។គួរបញ្ជាក់ថា ខេត្តកំពង់ឆ្នាំងបានចេញសេចក្តីសម្រេចមួយដោយបានដាក់បម្រាមគោចរ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហានេះដើម្បីប្រយុទ្ធនិងទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩។ ចាប់ពីម៉ោង៩យប់ ដល់ម៉ោង៣ ទៀបភ្លឺ។ បម្រាមគោចរនេះ​ បានអនុវត្តនៅក្រុងកំពង់ឆ្នាំង និងតាមទីប្រជុំជនស្រុកនីមួយៗ ចន្លោះម៉ោង៩យប់ ដល់ម៉ោង៣ទៀបភ្លឺ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង