រយៈពេល៣យប់៤ថ្ងៃ តាំងពីថ្ងៃទី១៨ មករា ឆ្នាំ២០២០ ដែលក្រុមហ៊ុនអចលនទ្រព្យផ្នែកដីឡូត៍ និងផ្ទះល្វែង សេងហាន បានដឹកនាំក្រុមការងាររបស់ខ្លួនរហូតដល់១៥០នាក់ អោយមកទស្សនានៅកោះភូកេត ប្រទេសថៃ។ នេះគឺជាដំណើរកម្សាន្តទ្រង់ទ្រាយធំ ដែលក្រុមហ៊ុនផ្ដល់ជាកាដូដល់បុគ្គលិក និងក្រុមការងារ ក្នុងឱកាសចូលឆ្នាំសាកលទើបតែឆ្លងចូលក្ដៅៗ និង ដើម្បីអបអរបុណ្យចូលឆ្នាំចិន ដែលប្រជាជនខ្មែរភាគច្រើនក៏គោរពបូជានោះ។
![](http://myfmnews.com/wp-content/uploads/2020/01/២-8.jpg)
សកម្មភាពដំណើរកម្សាន្តជាទ្រង់ទ្រាយធំនោះ រួមមានដឹកនាំក្រុមការងារដើរកម្សាន្តនៅកោះភូកេត ដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញរបស់ថៃ និងដំំណើរកម្សាន្តទៅកោះភីភី ដែលស្ថិតក្នុងដែនសមុទ្រនៃខេត្តក្របីរបស់ថៃផងដែរ។ ដំណើរកម្សាន្តរួមមានថ្ងៃទី១ គឺថ្ងៃទី១៨ មករា ឆ្នាំ២០២០ ចាកចេញពីកម្ពុជាមកកោះភូកេត ដោយមានសកម្មភាពទស្សនាកន្លែងផលិតត្បូង និងពេជ្រដ៏ល្បីល្បាញរបស់ភូកេត ទស្សនាក្លិបរាត្រី និងផ្សាររាត្រីនៅភូកេត។ ថ្ងៃទី២ ត្រូវនឹងថ្ងៃទី១៩ មករា ដឹកនាំក្រុមការងារទាំង១៥០នាក់តាមនាវា៣ជាន់ ទៅកាន់កោះភីភី ដែលចំណាយប្រមាណជា២ម៉ោង ពីទឹកដីភូកេត។ នៅថ្ងៃទី៣ ត្រូវនឹងថ្ងៃទី២០ មករា ក្រុមការងារទាំងអស់បានបង្កើតអនុស្សាវរីយ៍ក្នុងតំបន់កម្សាន្តជាច្រើនរបស់ភូកេត ដូចជាដើរទស្សនារមណីយដ្ឋានព្រហ្មទេពដែលជាកន្លែងគោរពបូជាដំរី និងមើលឆ្នេរស្រស់ស្អាត ទស្សនាកសិដ្ឋានចិញ្ចឹមឃ្មុំ ទស្សនាកន្លែងច្នៃដំណាប់ មាត់សមុទ្រ និងជប់លៀងជូនបុគ្គលិកទាំង១៥០នាក់ មុនយប់ចុងក្រោយ។
![](http://myfmnews.com/wp-content/uploads/2020/01/១-8.jpg)
លោក យ៉ន សេងហាន អគ្គនាយកក្រុមហ៊ុនបានថ្លែងបញ្ជាក់ថា ដើម្បីលើកទឹកចិត្តដល់បុគ្កលិកឆ្នើមរបស់ក្រុមហ៊ុន ដែលជោគជ័យក្នុងគម្រោងលក់ដីឡូត៍ លោកបានសម្រេចចំណាយប្រមាណជា៧ម៉ឺនដុល្លារ ដឹកនាំដំណើរកម្សាន្តមកកោះភូកេតនេះ។ លោកថាសកម្មភាពដើរកម្សាន្តនេះ មិនមែនគ្រាន់តែដើម្បីអោយបុគ្គលិកទាំង១៥០នាក់បានសប្បាយតែម្យ៉ាងប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីអោយបុគ្គលិកឆ្នើមៗទាំងនោះបានស្វែងយល់ពីការរីកចំរើនក្នុងតំបន់ដែលបានទៅដល់ និងដើម្បីអោយបុគ្គលិកទាំងនោះកាន់តែមានកម្លាំងចិត្ត បន្ថែមពីលើឱកាសទទួលបានលើគម្រោងផ្សាយលក់ដីឡូត៍ ដែលក្រុមហ៊ុនបានកំណត់ថា លក់បានកម្រិតណា ត្រូវបានទៅដើរលេងនៅប្រទេសណានោះ។
លោក ថាការចំណាយរបស់ក្រុមហ៊ុន មិនមែនអត់ប្រយោជន៍នោះទេ ផ្ទុយទៅវិញបុគ្គលិកឆ្នើមៗ គឺកាន់តែពង្រឹងសមត្ថភាព ហើយក្រុមការងារដទៃទៀត ក៏កាន់តែស្វែងយល់ពីរៀមច្បង ដើម្បីជោគជ័យ។ លោកប្រកាសនឹងសឹកបុគ្គលិកទៅកម្សាន្តនៅបណ្ដាប្រទេសផ្សេងៗអោយបានញឹកញាប់ បន្ទាប់ពី៤លើកកន្លងមកក្រុមហ៊ុនទទួលជោគជ័យក្នុងសកម្មភាពលើកទឹកចិត្តបុគ្គលិក តាមរយៈការផ្ដល់ឱកាសអោយដើរកម្សាន្តក្រៅស្រុក។ លោកថាក្រុមការងារបានបញ្ចប់បេសកកម្មយ៉ាងជោគជ័យនៅកោះភូកេត ដោយក្រុមការងារទាំងអស់បានមកដល់ប្រទេសកម្ពុជាវិញ នាព្រឹកថ្ងៃទី២១ មករា ឆ្នាំ២០២០ ដោយជើងហោះហើរ៕
![](http://myfmnews.com/wp-content/uploads/2020/01/៤-8.jpg)