បន្ទាប់ពីបញ្ចប់បេសកម្មផលិតនិង ថតភាពយន្តចំនួន ៣ រឿងព្រមគ្នារួចមក ស្ថានីយទូរទស្សន៍ប៉ុស្ត៍លេខ ៥ បានធ្វើពីធីជប់លៀងអបអរ និងលើកទឹកចិត្តដល់ ក្រុមផលិតករ តារាសិល្បៈ ព្រមទាំងបុគ្គលិក ។ កម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅក្នុងភោជនីយដ្ឋានសមុទ្រព្រិល នារាត្រីថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២០ ។
ពិធីជប់លៀងបិទបញ្ចប់ការថតភាពយន្តភាគខ្មែរនេះក៏សង្កេតឃើញ មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់តារាល្បីៗជាច្រើនដួង។ ក្នុងនោះមានដូចជា កញ្ញា ព្រះកាយច័ន្ទ កញ្ញា ទឹម រដ្ឋា លោក អៀង ចេនឡា លោក លឹម រដ្ឋា និង តារាកិត្តិយសល្បីៗ ព្រមទាំងក្រុមផលិតករខ្មែរ-ថៃ ជាច្រើនរូបបានអញ្ជើញមានវត្តមាននៅក្នុងកម្មវិធី។
យ៉ាងណាមិញ ខ្សែភាពយន្តទាំង៣ ដែលទើបតែបញ្ចប់ការថតថ្មីៗ ក្នុងនោះរួមមានរឿង « ភ្លើងគុំនំ » រឿង « និស្ស័យខ្លុយស្នេហ៍ » និងរឿង « សម្បថដងស្ទឹង »។ ហើយភាពយន្តទាំងនេះក៏ជាស្នាដៃរបស់ក្រុមផលិតករមកពីប្រទេសថៃ សហការជាមួយនឹងក្រុមផលិតករខ្មែរប៉ុស្ត៍លេខ ៥ រួមគ្នាដើម្បីផលិតជាខ្សែភាពយន្តដ៏ល្អឯក ដើម្បីបម្រើចំណីចក្ខុរបស់ទស្សនិកជនអ្នកគាំទ្រដល់ស្ថានីយទូរទស្សន៍ប៉ុស្ត៍លេខ៥ ពិសេសនោះគឺដើម្បីគាំទ្រវិស័យកុនខ្មែរ ឱ្យកាន់តែល្បីល្បាញថែមទៀតផង។
ចង់ដឹងថាសាច់រឿងដែលជាស្នាដៃថ្មីនេះមានការអញ្ជើញចូលរួមសម្ដែងពីតារាល្បីៗរូបណាខ្លះ ពិសេសសាច់រឿងមានភាពប្រទាក់ក្រឡា និងគួរ ឱ្យចាប់អារម្មណ៍កម្រិតណា សូមកុំភ្លេចរង់ចាំតាមដានទស្សនានៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ត៍លេខ៥ក្នុងពេលឆាប់ៗខាងមុខនេះ៕