ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំម្សាញ់ អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងលោកជំទាវ បាននាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៣៣វត្ត ស្ថិតនៅក្នុងស្រុកសាគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ពិធីប្រគេនទៀនព្រះវស្សានេះ បានប្រារព្ធឡើងនៅវត្តសេដ្ឋី ស្ថិតក្នុងភូមិសេដ្ឋី ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយមានការនិមន្ដ និងអញ្ជើញចូលរួមពីសំណាក់ ព្រះអនុគណៈ និងព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្ត ទាំង៣៣ ក្នុងស្រុកសាមគ្គីមានជ័យ ព្រមទាំង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំថ្នាក់ខេត្ត រដ្ឋបាលស្រុក ដែលជា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ។

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ដ្រី និងលោកជំទាវ ព្រមទាំងក្រុមការងារ បានអញ្ជើញបូជាគ្រឿងសក្ការៈ មានទៀន ធូប ផ្កា និងទឹកអប់ ដើម្បីបួងសួងដល់វត្ថុសក្តិសិទ្ធិ និងគុណព្រះរតនត្រ័យ។ បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ ព្រមទាំងពុទ្ធបរិស័ទ បានអញ្ជើញធ្វើនមស្ការព្រះរតនត្រ័យ សមាទានសីល រម្លឹកដល់គុណព្រះរតនៈត្រៃយ៍ ព្រមទាំងវេរប្រគេនទេយ្យទានចំពោះព្រះសង្ឃទាំង ៣៣វត្ត។ ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុនេះផងដែរ ត្រូវបានរៀបចំឡើងតាមទំនៀមទម្លាប់ក្នុងព្រះពុទ្ធសាសនា ក្នុងឱកាសនៃពិធីបុណ្យចូលព្រះវស្សា ដែលពុទ្ធបរិស័ទតែងតែនាំគ្នានាំយកជាសាដក អង្ករ ភេសជ្ជៈ និងគ្រឿងប្រើប្រាស់ផ្សេងៗ សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស។ ពិធីបុណ្យចូលព្រះវស្សា មានរយៈពេល ០៣ខែ គឺចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ ១៥កើត ខែអស្សុជ ដែលជារយៈពេលមិនអនុញ្ញាតឱ្យព្រះសង្ឃនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ រឺនិមន្តទៅសម្តែងធម៌ជាដើម ដោយតាំងចិត្តត្រលប់មកវិញក្នុង រយៈពេល ៧ថ្ងៃ។

សូមជម្រាបជូនដែរថា ទេយ្យវត្ថុដែលវេរប្រគេនព្រះសង្ឃទាំង ៣៣វត្ត នាឱកាសនោះ ដោយវត្តនីមួយៗទទួលបាន ១.ទឹកសុទ្ធ ចំនួន ៣កេស,២.ភេសជ្ជៈកូកាកូឡា ១កេស, ៣.ទឹកសណ្តែក ១កេស, ៤.ទឹកផ្លែឈើចម្រុះ ១កេស, ៥.កាហ្វេ ២កញ្ចប់ធំ, ៦.ទឹកដោះគោខាប់ ១កេស, ៧.ត្រីខកំប៉ុង ២ឡូ, ៨.ប្រេងឆា(៥លីត្រ) ១ដប, ៩.មីជាតិ ១កេស, ១០.ទឹកត្រី ១យួរ, ១១.ទឹកស៊ីអ៊ីវ ១យួរ, ១២.ទៀនវស្សា និងជើង ១ឈុត, ១៣.អង្ករផ្កាខ្ញី(២៥គក) ២បាវ, និង១៤.សាដក ១ប្រអប់ ព្រមទាំងបច្ច័យសម្រាប់ព្រះសង្ឃ និងសម្រាប់កសាងវត្ដផងដែរ។ ជាមួយគ្នានោះ លោកតាជី យាយជី អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទ ដែលចូលរួមក្នុងពិធីនោះ ម្នាក់ៗទទួលបានបច្ច័យចំនួន២០ ០០០ រៀល ៕ប្រភព ៖ក្រសួងអភិវឌ្ឍន៍ជនបទ











