កំពង់ឆ្នាំង ៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ រួមនឹងមន្ត្រីជំនាញមួយចំនួនទៀត បានអញ្ជើញចុះពិនិត្យការងារដាំដុះបន្លែសុវត្ថិភាព របស់សហគមន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹម ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និង នេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា សហគមន៍នេះ បានចុះបញ្ជីស្របច្បាប់ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ ដែលមានសមាជិកចាប់ផ្តើមដំបូងតែ៣៦នាក់ ស្រី្ត២៩នាក់ ប៉ុណ្ណោះ ។ ដោយមានការសម្របសម្រួលបង្កើតនិងគាំទ្រដោយអង្គការហេហ្វឺអន្តរជាតិកម្ពុជាក្នុងគម្រោងលើកកម្ពស់ទីផ្សារសម្រាប់កសិករខ្នាតតូចនិងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង ។

លោកប្រធានមន្ទីរបានឲ្យដឹងថា សហគមន៍នេះ ចាប់ផ្តើមប្រតិបត្តិការអាជីវកម្មសហគមន៍ មានចំនួន៦៦ហ៊ុន ដែលមានទឹកប្រាក់សរុបចំនួន៣,៣ លានរៀលតែប៉ុណ្ណោះ។

បច្ចុប្បន្ននេះ សហគមន៍កសិកម្មទឹកហូតមានជ័យ ក្តីសង្ឃឹម បានពង្រីកសមាជិករបស់ខ្លួនដល់ចំនួន១៤០គ្រួសារនិងមានទុនជាទឹកប្រាក់សរុបចំនួន៧៦,៣លានរៀលសម្រាប់ប្រតិបត្តិការអាជីវកម្មសហគមន៍លើផ្ទៃដីសរុប៨៦ហិកតា។ អាជីវកម្មសំខាន់ៗរបស់សហគមន៍មានដូចជា ការផ្តល់ឥណទានកសិកម្ម ដោយគ្របដណ្តប់វិសាលភាពទូទាំងឃុំទឹកហូត ផ្គត់ផ្គង់ធាតុចូលកសិកម្ម និង ពូជបន្លែដល់សមាជិក ការចិញ្ចឹមមាន់ និងដាំបន្លែសុវត្ថិភាព ដូចជាខ្ទឹមស្លឹក ស្ពៃខៀវ ស្ពែតឿ សាឡាដ និង ភ្លៅកង្កែប។ តាមរយៈការដាំដុះក្នុងផ្ទះសំណាញ់ ដែលជាបច្ចេកទេសកសិកម្មថ្មី គាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួល អាកាសធាតុដែលហៅកាត់ថា ASPIRE សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត និង ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យារវាងសហគន៍ និង អ្នកប្រមូលទិញ។ ដែលបច្ចុប្បន្នសហគមន៍ មានលទ្ធភាពផលិត និង លក់ខ្ទឹមស្លឹកដែលជាដំណាំងអាទិភាពរបស់សហគមន៍ពី៣ទៅ៤តោនក្នុង ១ថ្ងៃ ជាប្រចាំទៅកាន់ទីផ្សារនៅភ្នំពេញ និង ទីផ្សារនានា ។
នៅក្នុងឱកាសនោះ ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ បានសារទរនិង កោតសរសើរ ចំពោះល្បឿន នៃការវិឌ្ឍរីកចម្រើនដ៏ល្អពីមួយឆ្នាំ ទៅមួយឆ្នាំរបស់សហគមន៍។ ការវិវឌ្ឍរីកចម្រើននេះ បានចូលរួមយ៉ាងសំខាន់ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូលក្នុងគ្រួសារ និង ជាពិសេសចូលរួមជាមួយក្រសួងក្នុងការពង្រឹងនិងពង្រីកផលិតភាពផលិតកម្មកសិកម្មក្នុងស្រុក ដើម្បីឈានទៅបន្តការកាត់បន្ថយការនាំចូលពីបណ្តាប្រទេស។
ឯកឧត្តមរដ្ឋមន្ត្រី ត្រេកអរចំពោះសមិទ្ធផលជាហេដ្ឋារចនាសម្ព័ន្ធដែលសមាគមន៍ទើបទទួលបាន កាលពីចុងឆ្នាំ២០២០នេះ បន្ទាប់ពីលោកបានណែនាំ ដល់អគ្គនាយកដ្ឋានកសិកម្ម និង នាយកដ្ឋានវិស្វកម្មកសិកម្ម ឲ្យនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី មកជួយ ឧបត្ថម្ភគាំទ្រដល់ការតភ្ជាប់អគ្គិសនី សាងសងអណ្តូងទឹកចំនួន៨ អាងស្តុកទឹកចំណុះ៥០ម³ ចំនួន២អាង ម៉ាស៊ីនបូមទឹកចំនួន១២ និង ប្រព័ន្ធស្រោចស្រពប្រវែង ៤ ៨២៣ម៉ែត្រ ឃើញថាបាន និង កំពុងជួយដល់សហគមន៍យ៉ាងច្រើនក្នុងការធ្វើការដាំដុះវិលជុំពេញមួយឆ្នាំ ដើម្បីធានានូវនិរន្តរភាពនៃការផ្គត់ផ្គង់។
ឯកឧត្តមបានផ្តាំផ្ញើឲ្យមន្ត្រីជំនាញនិងមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បន្តផ្តល់ការគាំទ្រ និងបណ្ដុះបណ្ដាលដល់សហគមន៍ក្នុងការធ្វើកសិកម្មទំនើប ទាំងផ្នែកបច្ចេកទេសដាំដុះគ្រប់គ្រងនិងទីផ្សារ ធ្វើយ៉ាងណាពង្រីកការចងក្រងសមាជិកបណ្តុំសមាគមន៍ឲ្យកាន់តែធំ និង កាន់តែរឹងមាំ ៕