កំពង់ឆ្នាំង៖ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ណែនាំអោយអាជ្ញាធរមូលដ្ឋាននៅទូទាំងខេត្ត ត្រូវពង្រឹងវិធានការពារជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ព្រឹត្តិការណ៍សហគមន៍ «២០កុម្ភៈ» ដែលជាព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍កម្ពុជាជាថ្មីម្តងទៀត។ ការណែនាំរបស់ឯកឧត្តមដូចនេះ បានធ្វើឡើងនៅពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកទឹកផុស នៅព្រឹកថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២១។
ជាមួយគ្នានោះ ឯកឧត្តម ក៏បានណែនាំអោយអាជ្ញាធរក្រុង ស្រុកក្នុងខេត្ត ត្រូវចុះផ្សព្វផ្សាយពីវិធានការការពារកូវីដ១៩ ជូនប្រជាពលរដ្ឋ និងជំរុញអោយប្រជាពលរដ្ឋ ពាក់ម៉ាស់ និងការលាងដៃសម្លាប់មេរោគ ព្រមទាំងត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគម្លាតសុវត្ថិភាពសង្គម និងត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ ផ្សេងទៀតរបស់ក្រសួងសុខាភិបាលនិងស្ថាប័នពាក់ព័ន្ធនានា ដែលកំពុងនៅជាធរមាន។
គួរបញ្ជាក់ថា គិតត្រឹមម៉ោងស៧៖០០នាទីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៥៦៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៥នាក់ និងអ្នកជំងឺចំនួន ៩៣នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ៕