មន្ទីសុខាភិបាលខេត្តសហការជាមួយអង្គការ FHI360/PSIដាក់ដំណើរការសេវាព្យាបាលជំងឺរ៉ាំរ៉ៃនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច

  • កំពង់ឆ្នាំង ៖ មន្ទីសុខាភិបាលខេត្តកំពង់ឆ្នាំង សហការជាមួយអង្គការ FHI360/PSIបានដាក់ឲ្យដំណើរការសេវាព្យាបាលជំងឺរ៉ាំរ៉ៃនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ។ ពិធីប្រកាសដាក់ឲ្យដំណើរការនេះគឺធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តមអម សុភាអភិបាលរងខេត្តកំពង់ឆ្នាំង និង លោកវេជ្ជបណ្ឌិតប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី មកពីមណ្ឌលសុខភាព អាជ្ញាធរស្រុក ឃុំផងដែរ ។

    មានប្រសាសន៍នៅក្នុងឱកាសនោះ លោក វេជ្ជបណ្ឌិតប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ថ្ងៃនេះមន្ទីសុខាភិបាលខេត្តសហការជាមួយអង្គការ FHI360/PSI បានរៀបចំដាក់ឲ្យដំណើរការសេវាថែទាំ ឱសថប្រឆាំងនឹងមេរោគអេដស៍ នៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ដើម្បីបង្កើនការស្រាវជ្រាវ និង ផ្តល់ការព្យាបាល ឲ្យបានទាន់ពេលវេលា ក្រោមការជួយឧត្តមគាំទ្រ ពីសំណាក់ខេត្ត និង មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនិងជំងឺអេដស៍ សើរស្បែក និង កាមរោគ នៃក្រសួងសុខា
    ភិបាល ។

    លោកប្រធានមន្ទីរបានឲ្យដឹងថា ដោយពិនិត្យឃើញអំពីតម្រូវការដល់អ្នកផ្ទុកមេរោគអេដស៍ និង ជំងឺអេដស៍នៅស្រុកប្រតិបត្តិកំពង់ត្រឡាច ខ្វះសេវាទាំងការធ្វើតេស្តឈាម និង សេវាថែទាំព្យាបាល ដើម្បីចូលរួមដោះស្រាយបញ្ហានេះ ថ្នាក់ដឹកនាំខេត្ត និង មន្ទីរសុខាភិបាលបានផ្តួចផ្តើមបង្កើតទីកន្លែងនៅទីនេះ ។ ការបង្កើតទីតាំង ផ្តល់សេវាថ្មី គឺក្នុងគោលបំណង បង្ខិតសេវាឲ្យជិតប្រជាពលរដ្ឋ , បង្ករលក្ខណៈងាយស្រួល ឲ្យអតិថិជនងាយស្រួលមកទទួលសេវា ,កាត់បន្ថយការចំណាយរបស់អតិថិជនទៅទទួលសេវា ,ចូលរួមបង្កើនការស្រាវជ្រាវករណីថ្មី និង ការផ្តល់សេវាឲ្យបានឆាប់ ។

    មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមអម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍សំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការ FHI360 / PSI ដែលបានសហកាជាមួយនិងមន្ទីរសុខាភិបាលខេត្ត ក្នុងការបង្កើតនិងរៀបចំ ដាក់ឲ្យដំណើរការព្យាបាលជំងឺរ៉ាំរ៉ៃនេះ ដែលបង្ហាញពីការយកចិត្តទុកដាក់អំពីសុខមាលភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យទទួលបាននូវសេវាសុខាភិបាលបានឆាប់រហ័ស ដែលសកម្មភាពទាំងនេះគឺបានឆ្លើយតបទៅនឹងផែនការនិងទិសដៅរបស់រាជរដ្ឋាភិបាលក្នុងការបង្ខិតសេវាសុខាភិបាលឲ្យនៅជិតនឹងប្រជាពលរដ្ឋ ។

    ឯកឧត្តម បានបញ្ជាក់ទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានធ្វើឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍន៍ជាបន្តបន្ទាប់លើគ្រប់វិស័យចាប់ពីទីក្រុង រហូតដល់ជនបទ ប្រជាពលរដ្ឋមានជីវភាពធូរធារ ។ រាល់សេវាសាធារណៈនានាត្រូវបានដាក់ឲ្យនៅជិតនិងប្រជាពលរដ្ឋ ។ ហើយក្នុងរយៈពេលចុងក្រោយនេះ វិស័យសុខាភិបាល មានការរីកចម្រើនទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ គឺបានផ្តល់សេវាជូនប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ខ្ពស់ជាទីបំផុត ដោយធានាបាននូវគុណភាព និង ក្រមសីលធម៌វិជ្ជាជីវៈ ។

    ឯកឧត្តម បានផ្តាំផ្ញើដល់បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវរួមគ្នាយកចិត្តទុកដាក់ពីបញ្ហាជាក់ស្តែងថ្មីៗដូចជា ការអប់រំផ្សព្វផ្សាយអំពីជំងឺកូវីដ១៩ , ជំងឺឆ្លងនានា ជំងឺរ៉ាំរ៉ៃ ដែលកើតឡើងចំពោះប្រជាជន និង ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានភាពជឿជាក់លើការផ្តល់សេវាសុខាភិបាល ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង