កំពង់ឆ្នាំង៖ មន្រ្តីនគរបាលខេត្តកំពង់ឆ្នាំងជាច្រើនរូប នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកដំបូងនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង។
លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរង និង ជាអ្នកនាំពាក្យ នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅថ្ងៃទី១នេះ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលស្ម័គ្រចិត្តចំនួនចំនួន៥០នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោខូវ លី ជាស្នងការ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកដំបូងនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងផងដែរ។
លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ក៏បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែងធ្វើអោយកម្ពុជាមានវ៉ាក់សាំងចាក់ជូនកងកម្លាំងប៉ូលីសនាពេលនេះ។
លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា សម្រាប់ខេត្តកំពង់ឆ្នាំងជំហានដំបូងនេះ ទទួលបានវ៉ាក់សាំងចំនួន៧២៥០ដូស និងចាប់ផ្តើមចាក់ពីថ្ងៃទី១ ខែមីនានេះតទៅ ដោយចាក់លើ បុគ្គលិកសុខាភិបាល កងកម្លាំងប៉ូលីសជាតិ និងអាជ្ញាធរជួរមុខ ដូចជាអភិបាលរងខេត្ត អភិបាល-អភិបាលរងស្រុក/ខណ្ឌ គណកម្មការភូមិ-ឃុំ-សង្កាត់ ដែលមានអាយុពី១៨ឆ្នាំ ដល់៥៩ឆ្នាំ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។ ចំពោះទីតាំងសម្រាប់ចាក់វ៉ាក់សាំង មាន៣កន្លែង គឺ នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច និងមន្ទីរពេទ្យបង្អែកបរិបូណ៍៕