រដ្ឋបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៤ ខែមិថុនា បានប្រកាសពីស្លាប់ស្រ្តីជនជាតិខ្មែរម្នាក់ ឈ្មោះ អ៊ូ សាត អាយុ ៦២ឆ្នាំ រស់នៅភូមិស្ពានដែក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលបានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដោយអាការៈក្អក ហត់ ពិបាកដកដង្ហើម កាលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ដោយលទ្ធផលតេស្ដរហ័សរកឃើញវិជ្ជមានជំងឺកូវីដ-១៩។
រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា ដោយសារស្ថានភាពជំងឺមានសភាពធ្ងន់ធ្ងរ ហត់ ឡេះឡះ និងស្លេកស្លាំងខ្លាំង អ្នកជំងឺត្រូវបានដាក់សង្គ្រោះព្យាបាលនៅអគារសង្គ្រោះបន្ទាន់ផ្នែកជំងឺកូវីដ-១៩។ ដោយការវិវត្តរបស់ជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ទោះបីក្រុមគ្រូពេទ្យខិតខំថែទាំសង្គ្រោះព្យាបាលតាមបច្ចេកទេសយ៉ាងណាក៏ដោយ អ្នកជំងឺបានមរណភាពនៅវេលាម៉ោង៤រសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១។ តាមការសន្និដ្ឋានរបស់គ្រូពេទ្យអ្នកជំងឺបានមរណភាព ដោយសារជំងឺរលាកសួតធ្ងន់ធ្ងរ ជំងឺកូវីដ-១៩ និងជំងឺខ្វះគ្រាប់ឈាមក្រហម។
រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏ចូលរួមចំណែកសោកស្ដាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមកំ្រ ជាទីបំផុតជាមួយក្រុមគ្រួសារសព និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា៕
