កំពង់ឆ្នាំង ៖លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង បានលើកឡើងថា ព័ត៌មាននៅលើបណ្តាញសង្គមមានមុខពីរ ពោលគឺអាចផ្តល់ទាំងផលវិជ្ជមាន និងអវិជ្ជមាន ដល់អ្នកប្រើប្រាស់។

លោកបញ្ជាក់ថា ផលវិជ្ជមាន ជួយចែករំលែកព័ត៌មានបានលឿន រហ័ស ទាន់ហេតុការណ៍ ផ្តល់ចំណេះដឹង និងសម្រួលដល់ការទំនាក់ទំនង។ ចំណែកផលអវិជ្ជមានវិញ អាចបង្កជាព័ត៌មានក្លែងក្លាយ ការបំពុលបរិយាកាសសង្គម ការញុះញង់ និងប៉ះពាល់ដល់សន្តិសុខ ឬកិត្តិយសបុគ្គល ប្រសិនបើប្រើប្រាស់មិនបានត្រឹមត្រូវ។

លោកអភិបាលរងបានស្នើ អ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់គប្បីពិចារណា និងផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានច្បាស់លាស់មុននឹងជឿ ឬចែករំលែកបន្ត។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងយុទ្ធនាការផ្សព្វផ្សាយអប់រំស្តីពី «ការទប់ស្កាត់ព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន» ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យក្រុងកំពង់ឆ្នាំង ស្ថិតក្នុងក្រុងកំពង់ឆ្នាំងជាង ១,០០០នាក់ កាលពីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦៕













