ក្រសួង​​អប់រំ​​ យុវជន​​ និង​កីឡា​​ និង​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ បេីក​វគ្គ​បណ្តុះ​បណ្តាល​​គ្រូ​ឧទ្ទេស​ថ្នាក់​ជាតិ​ប្រឆាំង​គ្រឿង​ញៀន​

  • ខេត្តកំពង់ចាម​:​ នៅថ្ងៃចន្ទ ទី១៥ ខែកុម្ភ: ឆ្នាំ២០២១នេះ ក្រោមកិច្ចសហការរវាងក្រសួងអប់រំយុវជននិងកីឡានិងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អង្គការភ្លែនអន្តរជាតិកម្ពុជា  នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាមមានបេីកវគ្គបណ្តុះបណ្តាលគ្រូឧទ្ទេសថ្នាក់ជាតិ ស្តីពីការប្រើប្រាស់សម្ភារឧបទ្ទេសសម្រាប់បង្រៀននិងរៀន សៀវភៅសិក្សាការបង្ការ ការទប់ស្កាត់គ្រោះថ្នាក់នានាបង្កដោយការប្រើប្រាស់គ្រឿងញៀនខុសច្បាប់បានដំណើរការក្រោមអធិបតីភាពរបស់លោកជំទាវបណ្ឌិត សឿ សុជាតាអនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមនាយឧត្តមសេនីយ៍មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានសិក្ខាកាមចូលរួមចំនួន២០នាក់។

    លោកលីម៉េងសានប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ចាមបានថ្លែងស្វាគមន៍និងរបាយការណ៍ពីភាពរីកចម្រេីនរបស់ខេត្តពិសេសលេីវិស័យអប់រំយុវជននិងកីឡារបស់ខេត្តកំពង់ចាមទទួលបានពានរង្វាន់សម្តេចតេជោហ៊ុនសែនជានាយកល្អសាលាស្អាតគ្រូល្អគ្រូឆ្នេីមនិងសិស្សស្មូតកំណាព្យនិងអានអត្ថបទ ចូលរួមបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនគ្រប់រូបភាពក្នុងសាលារៀន។

    ឯកឧត្ដមនាយឧត្តមសេនីយ៍មាសវិរិទ្ធអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានប្រសាសន៍ថាបញ្ហាគ្រឿងញៀនមិនសញ្ញាថមថយទេទោះបីជាផ្ទៃដីដាំដំណាំអាភៀននៅតំបន់ត្រីកោណមាសមានការថយចុះការផលិតគ្រឿងញៀនធម្មជាតិថយចុះដែរប៉ុន្ដែការផលិតគ្រឿងញៀនសំយោគពីគីមីផ្សំមានការកេីនឡេីង។ ហេីយការបេីកវគ្គបំប៉នគ្រូឧទ្ទេសថ្នាក់ជាតិនៅពេលនេះគឺស្របនឹងយុទ្ធសាស្រ្តនិងការចង់បានបំផុតរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ានប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលលោកចង់បានគ្រប់ក្រសួងស្ថាប័នត្រូវបន្តខិតខំបណ្តុះបណ្តាលជនបង្គោលគ្រូបង្គោលដេីម្បីពង្រីកការងារផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទូទៅអោយបានយល់ដឹងការចៀសចាកឆ្ងាយមិនទៅជិតគ្រឿងញៀនដែលនាំឱ្យមានមហន្តរាយដល់ខ្លួនឯងក្រុមគ្រួសារនិងសង្គមជាតិ។

    ថ្លែងក្នុងនាមឯកឧត្តមបណ្ឌិតហង់ជួនណារ៉ុនរដ្ឋមន្រ្តីក្នុងឱកាសនោះលោកជំទាវបណ្ឌិតសឿសុជាតាអនុរដ្ឋលេខាធិការបានមានប្រសាសន៍ថ្លែងអំណរគុណដល់ឯកឧត្តមនាយឧត្តមសេនីយ៍កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជានិច្ចកាលគិតគូរដល់អនាគតរបស់យុវជនកម្ពុជាចៀសផុតពីគ្រោះថ្នាក់នានាបង្កដោយបញ្ហាគ្រឿងញៀន និងបានជួយគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា លើការផលិតសៀវភៅសិក្សាទាំង២កម្រិតភូមិសិក្សាសម្រាប់ការបង្រៀននិងរៀននៅតាមគ្រឹះស្ថានសិក្សាសាធារណ:និងឯកជន នៅទូទាំងប្រទេស។ មិនតែប៉ុណ្ណោះ ដោយមានការគាំទ្ររបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែគឹមយ៉ានក្រសួងអប់រំ យុវជន និងកីឡា បានទទួលបានជំនួយពីឯកអគ្គរដ្ឋទូតចិន រៀបចំជាបណ្ណាល័យប្រឆាំងគ្រឿងញៀនសម្រាប់ការសិក្សាស្រាវជ្រាវបន្ថែមពីបញ្ហាពាក់ព័ន្ធគ្រោះភ័យបង្កដោតគ្រឿងញៀននៅក្នុងបណ្ណាល័យសម្តេចតេជោហ៊ុនសែន នៅរាជធានីភ្នំពេញ និងអាចឈានទៅបង្កើតបន្ថែមតាមខេត្តគោលដៅចំនួន៨ទៀតនាពេលខាងមុខនេះ។

     

    ក្នុងឱកាសនោះដែរលោកជំទាវបណ្ឌិតសឿសុជាតាបានមានប្រសាសន៍បន្ថែមក្រសួងអប់រំ យុវជន និងកីឡា ដើម្បីសុវត្ថិភាពកុមារយុវជននិងសង្គមកម្ពុជាចៀសផុតពីគ្រឿងញៀនក៏បាននិងកំពុងពិនិត្យលទ្ធភាពស្វែងរកការគាំទ្រពីដៃគូរអភិវឌ្ឍន៍នានាធ្វើការរៀបរៀងសៀវភៅសិក្សាសម្រាប់កម្រិតមធ្យមសិក្សាទុតិយភូមិ ធ្វើការបោះពុម្ពសៀវភៅសិក្សាខាងលើសម្រាប់ការចែកចាយឲ្យបានទៅគ្រប់គ្រឹះស្ថានសិក្សា និងផលិតសៀវភៅនេះទៅជាវិធីបង្រៀនពីចម្ងាយដើម្បីចាក់ផ្សាយបន្ថែមដែលសាធារណជនអាចយល់ដឹងកាន់តែច្រើន និងអាចចូលរួមសកម្មក្នុងដំណើរការកសាងសហគមន៍នៅទូទាំងប្រទេសគ្មានគ្រឿងញៀន។

    ជាមួយគ្នានេះលោកជំទាវបណ្ឌិតសឿសុជាតាបានផ្តាំផ្ញេីគ្រូឧទ្ទេសទាំងអស់ត្រូវតែរួមសហការគ្នាធ្វេីការរួមគ្នាដេីម្បីឱ្យវគ្គបំប៉ននេះផ្តល់ចំណេះដឹង ជំនាញ និងសមត្ថភាពក្នុងការប្រើប្រាស់សម្ភារៈឧបទេសសម្រាប់ការរៀននិងបង្រៀនការបង្ការ ការទប់ស្កាត់គ្រោះថ្នាក់បង្កដោយការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នេះសម្រាប់យកទៅបង្រៀនបន្តដល់ក្រុមគោលដៅឱ្យមានប្រសិទ្ធភាព។

    សូមបញ្ជាក់ថាវគ្គបំប៉នគ្រូឧទ្ទេសថ្នាក់ជាតិនេះនឹងប្រព្រឹត្តទៅមានរយ:ពេល៥ថ្ងៃចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២១

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង