កំពង់ឆ្នាំង៖ ជនជាតិចិន៣នាក់ បានរងរបួសធ្ងន់និងស្រាល នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយបង្ករឡើងដោយរថយន្តម៉ាកលុចស៊ិសRX300 មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AJ.92 87 បើកទៅបុកបង្គោលភ្លើង ពេញមួយទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣និង៤០នាទី ឈានចូលថ្ងៃទ២១ ខែមិថុនា ឆ្នាំ២០២០លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិត្រពាំងចិក្សា សង្កាត់កំពង៉ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
ប៉ូលីសចរាចរណ៍ក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា រថយន្ដបង្កបើកបរដោយឈ្មោះ ឡុង ភាស់ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅ ក្នុងស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។ រថយន្តនេះធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង នៅមកដល់ចំណុចកើតហេតុ អ្នកបើកបរបានបន្ថែមល្បឿន ដើម្បីវ៉ារថយន្តធំមួយគ្រឿងទៀតនៅពីមុខ ក៏ជ្រុលទៅបង្គោលភ្លើងមួយដើមពេញមួយទំហឹងតែម្តង ។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យជនជាតិចិនចំនួន៣នាក់រងរបួសធ្ងន់និងស្រាលផងដែរ ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានគេដឹកតាមរថយន្តសង្គ្រោះយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត រីឯរថយន្តបង្កត្រូវប៉ូលីសយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយតាមនិតិវិធី ៕











