កំពង់ឆ្នាំង៖ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូល
ដ្ឋានខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២១បានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំមន្រ្តីរាជការ កម្លាំងមានសមត្ថកិច្ច នៃរដ្ឋបាលស្រុកកំពង់ត្រឡាច និង ត្រួតពិនិត្យអំពីកិច្ចដំណើរការ នៃនការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និង ស្វែងយល់អំពីតម្រូវរបស់ប្រជាពលរដ្ឋ និង អាជ្ញាធរមូលដ្ឋាន ។

លោក ឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាច បានមានប្រសាសន៍ឲ្យដឹងថា ស្របតាមកម្មវិធីគោលនយោបាយនិងយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល បានធ្វើឲ្យស្រុកមានកាអភិវឌ្ឍន៍ជាបន្តបន្ទាប់ រួមចំណែកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន ។ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដោយរក្សាបានសន្តិសុខសណ្តាប់ធ្នាប់សាធារណៈធានបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋននៅតាមមូលដ្ឋានានានាបានល្អប្រើសើរ។ កន្លងមកនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្រឡាច បានរៀបចំវេទិកាសាធារណៈ ស្វែងយល់អំពីបញ្ហាប្រឈម នៅក្នុងមូលដ្ឋានដែលមានចំនួន៣១ករណី និង បានដោះស្រាយបានចំនួន៧ករណី និងកំពុងបន្តដោះស្រាយរាល់បញ្ហានិងតម្រូវការបន្ថែមទៀត ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តី ក្រសួងអភិវឌ្ឍន៍ជនបទបានសំដែងនូវការកោតសរសើរចំពោះអាជ្ញាធរភូមិ ឃុំ និង មន្រ្តីរាជការរដ្ឋបាលស្រុកទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ច តួនាទីក្នុងការបម្រើប្រជាជនតាមវិស័យជំនាញរៀងៗខ្លួន ទទួលបានការគាំទ្រ ទុកចិត្ត ប្រកបដោយភាពជឿជាក់ពីប្រជាពលរដ្ឋ ។

ឯកឧត្តម បានបញ្ជាក់ទៀតថា ដើម្បីឆ្លើយតបានតាមតម្រូវការនៃការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថា្នក់ត្រូវបង្កើនការយកចិត្តទុកដាក់ ផ្គត់ផ្គង់ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើថែមទៀតប្រកបដោយគុណភាព និង ប្រសិទ្ធភាពខ្ពស់ ។គោលនយោបាយភូមិឃុំមានសុវត្ថិភាព គឺគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ឲ្យអាជ្ញាធរមូលដ្ឋានអនុវត្តយ៉ាងយកចិត្តទុកដាក់ ដោយធានាឲ្យបាននូវសន្តិសុខនិងសុវត្តិភាពជូនប្រជាពលរដ្ឋ ។

ឯកឧត្តម បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវតែចូលរួមឲ្យបានម៉ឺងម៉ាត់បំផុតក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។នៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានផ្តល់អង្ក២តោន មី១០កេស ទឹកត្រី ទឹកស៊ីអ៊ីវ៥០កេស ប្រេងឆា៥កេស ម៉ាស៤កេស សាប៊ូ១០កេស និង អាល់កុល៦០លីត្រ ដល់រដ្ឋបាលស្រុកកំពង់ត្រឡាចដើម្បីចាត់សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋជួបការលំបាកផងដែរ










