កំពង់ឆ្នាំង ៖ អាគារសិក្សាមួយខ្នងរបស់សាលាមត្តេយ្យសហគមន៍ជ្រោយបបុស្ស ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលព្រឹកថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម កែវ ពៅ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយនិងទូរគមនាគមន៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់លែង រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិក សមាជិកា ក្រុមការងារ ថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់ស្រុក ក្រុមប្រឹក្សាស្រុក អាជ្ញាធរភូមិ ឃុំ មន្ត្រីរាជការជុំវិញស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

ឯកឧត្តម សោម ភិរុណ ទីប្រឹក្សាក្រសួងសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឲ្យដឹងថា អាគារមត្តេយ្យសហគមន៍ជ្រោយបបុស្សដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ ស្ថិតក្នុងភូមិជ្រោយបប្សុស ឃុំកំពង់ហៅ ស្រុកកំពង់លែង ។ អាគារនេះកសាងឡើងដោយចំណាយថវិកា សរុបចំនួនជាង ២៧លានរៀល ។

ឯកឧត្តម បានឲ្យដឹងទៀតថា ឯកឧត្តម ត្រាំ អុីវតឹក និងលោកជំទាវ បានឧបត្ថម្ភចំនួនជាង២១លានរៀល ឯកឧត្តម គឹម គង់ និងលោកជំទាវ ថវិកាចំនួនជាង៣លាន រៀល ឯកឧត្តម កែវ ពៅ និងលោកជំទាវ ថវិកាចំនួនជាង១លាន ឯកឧត្តម កែវ ពិសី និងលោកជំទាវ ថវិកាចំនួន៨៥ម៉ឺនរៀល ក្រុមប្រឹក្សាឃុំនិងមន្ត្រីរដ្ឋបាលឃុំ ថវិកាចំនួន៤២ម៉ឺនរៀល និងប្រជាពលរដ្ឋសហគមន៍ជ្រោយបបុស្ស ថវិកាចំនួនជាង៣០ម៉ឺនរៀល។

នៅក្នុងពិធីសម្ពោធនោះដែរ ឯកឧត្តម កែវ ពៅ ក៏បានឧបត្ថម្ភដល់ប្រជាពលរដ្ឋ ៦៧០នាក់ ក្នុងម្នាក់ទទួលបានក្រមា ១ និង ថវិកា ៥.០០០រៀល ប្រជាការពារចំនួន៤៥នាក់ ក្នុងម្នាក់ទទួលបានក្រមា១និងថវិកា ១០.០០០រៀល កងកម្លាំង១០នាក់ ក្នុងម្នាក់ទទួលបានក្រមា១ និង ថវិកា ១០.០០០ រៀលផងដែរ ៕




