ខេត្តកំពង់ឆ្នាំង បានប្រកាសជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលឬហៅថាខេត្ត(ODF) ដោយបានដង្ហែរ ពានអបអរសាទរ និងប្រារព្ធពិធីប្រកាសទទួលស្គាល់ជាផ្លូវការ នៅបរិវេណសួនច្បារកណ្តាលក្រុងកំពង់ឆ្នាំង នាថ្ងៃទី២០ ខែមិថុនា ។
ថ្លែងនៅក្នុងពិធីពិធីប្រកាសទទួលស្គាល់នាព្រឹកមិញនេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានលើកឡើងថា ការបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល ពិតជាដែលនាំមកនូវផលចំណេញយ៉ាងច្រើន ទាំងផ្នែកសេដ្ឋកិច្ច និងសុខភាពរបស់ប្រជាជន។ ទន្ទឹមនេះ ការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅក្នុងខេត្ត ត្រូវបានលើកកម្ពស់ ដើម្បីកាត់បន្ថយនូវជំងឺឆ្លងផ្សេងៗ ដែលជាផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្ដម សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានបញ្ជាក់ដែរថា ការសម្រេចជោគជ័យលើបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលរបស់ខេត្តកំពង់ឆ្នាំងនាពេលនេះ បានមកពីកិច្ចសហការ រវាងក្រសួងអភិវឌ្ឍន៍ជនបទ អាជ្ញាធរខេត្ត មន្ទីរ អង្គភាព នានាជុំវិញខេត្ត អាជ្ញាមូលដ្ឋាន និងអង្គការដៃគូជាច្រើន ផងដែរ។
គួរបញ្ជាក់ថា ខេត្តកំពង់ឆ្នាំងជាខេត្តទី៥ ដែលទទួលជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) បន្ទាប់ពីខេត្តស្វាយរៀង ខេត្តព្រៃវែង កណ្ដាល កំពង់ស្ពឺ ។ ក្រសួងអភិវឌ្ឍន៍ជនបទ បានកំណត់ ទិសដៅរបស់ខ្លួនក្នុងការ ឲ្យប្រជាពលរដ្ឋទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យឲ្យបាន១០០ភាគរយ នៅត្រឹមឆ្នាំ២០២៥ ៕










