កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន១៥គ្រួសារ បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ។អំណោយមនុស្សធម៌ទាំនេះ ត្រូវបានឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខា លោកជំទាវ ប៊ន សុភី អនុប្រធាន គណៈកម្មាធិការសាខា លោកជំទាវ កែ ច័ន្ទមុនី និងលោកជំទាវផាត សុផាន្នី ជាប្រធាន និងអនុប្រធានកិត្តិយស គណៈកម្មាធិការសាខា នាំយកទៅចែកជូន នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ។

ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ១៥គ្រួសារ មកពៅឃុំច្រណូក៦គ្រួសារ, ឃីប្រលាយមាស ៨គ្រួសារ, ឃុំផ្លូវទូក ៦គ្រួសារ, និងឃុំពោធិ៍ ៣គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន៣០គីឡូក្រាម មី១កេះ ត្រីខមូយយួរ ឃីត១កញ្ចប់ មានមុង១ ភួយ១ សារ៉ុង១ និងក្រម៉ា១ ព្រមទាំងថវិកាមួយចំនួន ។ ចំពោះគ្រួសារដែលរងផលប៉ៈពាល់ខ្លាំងសាខាបានបន្ថែមតងធំចំនួន១ផងដែរ ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានសំដែងការចូលរួមសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិមួយចំនួន ដែលជាកម្លាំងញើសឈាម របស់បងប្អូនប្រជាពលរដ្ឋ ខិតខំរកបានដោយការងារសុចរិត ។
ឯកឧត្តម ស៊ុន សិវណ្ណារិទ្ធិ បានមានប្រសាសន៍ ទៅកាន់ប្រជាពលរដ្ឋ កុំមានការអស់សង្ឃឹម ព្រោះគ្មាននរណាម្នាក់ចង់ឱ្យហេតុការណ៍នេះកើតឡើងនោះទេ ដូច្នេះសូមបន្តតស៊ូខិតខំ ប្រឹងប្រែង បន្តទៅមុខទៀត ដើម្បីគ្រួសារអាចមានជីវភាពល្អប្រសើរឡើងវិញ ព្រមទាំងបានផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋទាំងអស់ គិតគូរថែទាំសុខភាពឲ្យបានល្អ ដោយរស់នៅត្រូវមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហាររូបត្ថម្ភឲ្យបានត្រឹមត្រូវ ៕












