ផ្លូវ​​មួយ​ខ្សែ​ប្រវែង​ជិត​៦​គីឡូ​ម៉ែត្រ ​នៅ​ក្នុង​ស្រុក​ កំពង់​ត្រឡាច​ បើក​ការ​ដ្ឋាន​ស្ថាបនា​ឡើង​វិ​ញ​ដោយ​ក្រាល​​កៅ​ស៊ូ​ DBST​និង​បេ​តុង​

  • កំពង់ឆ្នាំង ៖ កំណាត់ផ្លូវមួយខ្សែប្រវែង ៥ ៧៤៤ម៉ែត្រ ស្ថិតក្នុងឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ភូមិកំពង់ប្រាសាទ ត្រូវបានបើកការដ្ឋានស្ថាបនា ឡើងវិញ ដោយក្រាលកៅស៊ូ DBST និង បេតុង ។

    ការបើកការដ្ឋានស្ថាបនាផ្លូវ១ខ្សែនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នេះ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ។

    ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ផ្លូវ១ខ្សែដែលបានបើកការដ្ឋានស្ថាបនានេះ មានប្រវែង ៥ ៧៤៤ម៉ែត្រក្នុងនោះប្រវែង​៣ ៣៨០ម៉ែត្រ ជាផ្លូវក្រាលកៅស៊ូ២ជាន់ ប្រភេទDBST និង ប្រវែង ២ ៣៦៤ម៉ែត្រ ជាប្រភេទផ្លូវបេតុង ដែលមានទទឹង៨ម៉ែត្រ ដាក់លូប្រអប់ចំនួន​៣​កន្លែង លូមូលដាក់កាត់ទទឹងផ្លូវចំនួន៨កន្លែង លូមូលកាត់ផ្លូវបំបែកចំនួន១៩កន្លែង និង លូអក្សរអ៊ុយរំដោះទឹកប្រវែង ១ ៣៦៩ម៉ែត្រ ។ ជាមួយគ្នានេះក៏មានបំពាក់ស្លាកសញ្ញាសុវត្តិភាពតាមបណ្តោយផ្លូវ រួមមានស្លាកសញ្ញាចរាចរណ៍ ៦៩កន្លែង គំនូសអក្សរផ្លូវ និង គំនូសសម្រាប់ថ្មើជើងឆ្លងកាត់ចំនួន​៤កន្លែងផងដែរ ។

    នៅក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រដាសន៍ដោយគូសបញ្ជាក់ថា នេះជាចំណងដៃថ្មីមួយទៀត របស់រាជរដ្ឋាភិបាល ហើយ​​គម្រោងស្ថាបនាផ្លូវនេះ មានលក្ខណៈពិសេសខុសពីគម្រោងផ្សេងទៀត ដែលមានលក្ខខ័ណ្ឌតម្រូវឲ្យចាប់ផ្តើមអនុវត្ត គម្រោងបន្ទាន់ ដើម្បីបន្តរក្សានិរន្តភាពសេដ្ឋកិច្ចជនបទ ស្តាជីវភាពរស់នៅរបស់ប្រជាជន នៅជនបទ ឲ្យកាន់តែល្អប្រសើរឡើង បន្ទាប់ពីកម្ពុជា បាននឹងកំពុងងើបឡើងវិញ ពីវិបត្តិជំងឺកូវិដ ១៩ ៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង