កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រកាសបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន២៤នាក់ ដែលជាអាជីវករ កសិករ និងបុគ្គលិកមីក្រូហិរញ្ញវត្ថុ ខណៈអ្នកជំងឺកូវីដ-១៩ ជាសះស្បើយមានចំនួន ៣៩នាក់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៣ ខែសីហានេះ។
រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា ចំពោះអ្នកវិជ្ជមានកូវីដ-១៩ ទាំង២៤នាក់ បានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង មណ្ឌលព្យាបាល សាលាបឋមសិក្សាគំរូក្រុង មណ្ឌលព្យាបាលវិទ្យាល័យ តេជោ ហ៊ុន សែន ទឹកហូត មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ និងមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់លែង។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយ អ្នកវិជ្ជមានកូវីដ-១៩ ទាំង២៤នាក់ក្នុងរយៈពេល ១៤ថ្ងៃមុន សូមមក ពិនិត្យសំណាកជាបន្ទាន់នៅ មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច, មន្ទីរពេទ្យបង្អែកបរិបូណ៌ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ សូមសាធារណជន ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ និង៣កុំ” ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិ។
ក្រៅពីប្រកាសរកឃើញអ្នកឆ្លងថ្មី រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏បានប្រកាសពីករណីមរណភាពស្ត្រីជនជាតិខ្មែរអាយុ ៩០ឆ្នាំម្នាក់ រស់នៅភូមិចារថ្មី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ដោយសារជំងឺកូវីដ-១៩ ។ បន្ទាប់ពីទទួលបានព័ត៌មានករណីមរណភាពស្ត្រីជនជាតិខ្មែរខាងលើ ដែលត្រូវជាម្តាយរបស់អ្នកជំងឺកូវីដ-១៩ម្នាក់ ដែលកំពុងសម្រាក ព្យាបាលនៅមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន ទឹកហូត ក្រុមគ្រូពេទ្យផ្នែកស្រាវជ្រាវជំងឺកូវីដ-១៩ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានចុះទៅយកសំណាករបស់សាកសពដោយប្រើប្រាស់តេស្ដរហ័ស(Rapid Test) លទ្ធផលបញ្ជាក់ថាសព វិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១។
អត្ថបទ៖ សុគន្ធារី

