អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រងបានជម្រុញអោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុកដាក់ ពិនិត្យមើលថែដើមឈើគ្រប់ប្រភេទដែលបានដាំរួច នៅតាមដងផ្លូវនិងសួនសាធារណនានា ជាពិសេសត្រូវ បំផុស ឲ្យពលរដ្ឋចេះស្រលាញ់និងមើលថែដើមឈើ។ ការជម្រុញបែបនេះ បានធ្វើឡើងក្នុងពិធីដាំដើមឈើអបអរសាទរ រុក្ខទិវា ០៩ កក្កដា នៅបរិវេណវត្តភ្នៀតសិម្ភលី ក្នុងខណ្ឌកំបូល នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ។

ឯកឧត្តម ឃួង ស្រង អភិបាលរាជធានីភ្នំពេញ បានលើកឡើងទៀតថា នៅរាជធានីភ្នំពេញ ដ្បិតតែពុំមានផ្ទៃដីទំនេរដែលមានទំហំធំសម្រាប់ដាំឈើ ជាចម្ការក៏ពិតមែន ប៉ុន្តែពិធីដាំដើមឈើអបអរសាទររុក្ខទិវា ៩ កក្កដា តែងត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដូចបណ្តាខេត្តនានាទូទាំងប្រទេសដែរ លើកលែងតែឆ្នាំ២០២០ និង២០២១ ដែលពិធីនេះត្រូវអាក់ខាន ដោយសារមានការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី សកម្មភាពបណ្តុះកូនឈើ និងចែក ចាយកូនឈើជូនសាធារណជន អង្គភាពសាធារណៈ សាលារៀន វត្តអារាម សម្រាប់យកទៅដាំ ត្រូវបានធ្វើជាធម្មតាស្របតាមរដូវកាលដាំដុះមិនមានការអាក់ខាននោះឡើយ ។
ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ក៏បានជម្រុញឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ក្នុងការពិនិត្យ មើលថែដើមឈើគ្រប់ប្រភេទដែលបានដាំរួចនៅតាមដងផ្លូវនិងសួនសាធារណនានា ហើយអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធ ក៏បានត្រៀមដើមឈើចំនួន២០ម៉ឺនដើម ដើម្បីដាំនៅឧទ្យានក្នុងរាជធានីភ្នំពេញ ។

ជាមួយគ្នានេះ លោក ចាន់ រិទ្ធី ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ ក៏បានលើកឡើងដែរថា ការរៀបចំពិធីអបអរសាទរទិវាដាំដើមឈើជាប្រពៃណីជាតិឆ្នាំនេះ មន្ទីរបានកំណត់យកនៅបរិវេណវត្តភ្នៀតសិម្ភលី ក្នុងខណ្ឌកំបូល ជាទីតាំងសម្រាប់ប្រារព្ធពិធីនិងដាំដើមឈើចម្រុះប្រភេទសរុបជាង១ពាន់ដើម ខណៈកាលពីឆ្នាំ២០១៩ ពីធីដាំដើមឈើត្រូវបានធ្វើឡើងនៅវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង។ កូនឈើចំនួនជាង៣ពាន់ដើមទៀត ត្រូវបានដាំនៅតាមបណ្តាវត្តអារាម សាលារៀន និងដងផ្លូវសាធារណៈនានា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ក្នុងមួយឆ្នាំៗមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ បានបណ្តុះកូនឈើជាច្រើនប្រភេទប្រមាណ ៣ម៉ឺនដើម សម្រាប់ទុកប្រគេនព្រះសង្ឃ និងចែកជូនប្រជាពលរដ្ឋយកទៅដាំ ។ សម្រាប់ឆ្នាំ២០២២ គិតត្រឹកខែមិថុនា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ មានកូនឈើប្រមាណជាង៤ម៉ឺនដើម សម្រាប់ចែកជូនដល់សាលារៀន វត្តអារាម សាលាខណ្ឌ គ្រឹះស្ថានសាធារណៈ និងប្រជាពលរដ្ឋ៕










