កំពង់ឆ្នាំង៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ រួមដំណើរដោយលោកស្រី លី អាយលែន តំណាងអង្គការសុខភាពពិភពលោកនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ និង ជួបសំណេះសំណាលជាមួយមន្ត្រីសុខាភិបាល រួមទាំងប្រជាពលរដ្ឋក្នុងសហគមន៍ នៅខេត្តកំពង់ឆ្នាំង ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ឱ្យដឹងថា ករណីជំងឺកូវីដ១៩ នៅខេត្តកំពង់ឆ្នាំង អ្នកឆ្លងជំងឺកូវីដ១៩ មានចំនួន៤៧៨១នាក់ ព្យាបាលជាសះស្បើយចំនួន៤៦០៣នាក់ ស្លាប់ចំនួន១៧៥នាក់ ។

ចំពោះការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅទូទាំងខេត្ត អនុវត្តបាន១០០,០១ភាគរយ ក្នុងនោះដូសទី១ចាក់បាន១០០,០១ភាគរយ ដូសទី២ចាក់បាន៩២,៥៧ភាគរយ និង ដូសទី៣ ចាក់បាន១៥,៨២ភាគរយ ។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និង ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានជំរុញដល់អាជ្ញាធរខេត្ត ឲ្យបង្កើនការយកចិត្តទុកដាក់ក្នុងការផ្ដល់ជូននៅវ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋឲ្យបានគ្រប់គ្នា ជាពិសេសចំពោះវ៉ាក់សាំងដូសជំរុញឬដូសទី៣ ។ ជាមួយគ្នានេះត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ឲ្យយល់កាន់តែច្បាស់អំពីសារៈប្រយោជន៍ នៃវ៉ាក់សាំងនិងចូលរួមទទួលយកវ៉ាក់សាំងឲ្យបានគ្រប់គ្នាដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសប្លែងថ្មី (អូមីក្រុង)។ ព្រមទាំងរៀបចំធ្វើយ៉ាងណាដើម្បីឲ្យមានភាពងាយស្រួលជូនដល់ប្រជាពលរដ្ឋក្នុងការមកទទួលវ៉ាក់សាំងផងដែរ ។

លោកស្រី លី អាយលែន បានមានប្រសាសន៍ថា ចំពោះវ៉ាក់សាំងកូវីដ-១៩ ការពារអ្នកជំងឺមិនឱ្យស្ថិតក្នុងសភាពធ្ងន់ធ្ងរ នឹងកាត់បន្ថយពីការសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ។ ហើយទោះបីទទួលបានវ៉ាក់សាំងកូវីដ-១៩ហើយក្ដី បងប្អូនប្រជាពលរដ្ឋក៏ត្រូវតែបន្តអនុវត្តជាប្រចាំនៅអនាម័យឲ្យបានខ្ជាប់ខ្ជួន ពិសេសត្រូវរៀនរស់តាមបែបគន្លងថ្មី ដើម្បីកាត់ផ្ដាច់ការចម្លងនូវវីរុសបប្លែងថ្មី (អូមីក្រុង) ចូលមកក្នុងសហគមន៍របស់ខ្លួន ៕











