បាត់ដំបង៖ ភ្លៀងធ្លាក់ខ្លាំងតាំងពីយប់ថ្ងៃទី៣១ខែសីហា ឆ្លងចូល ថ្ងៃទី០១ខែកញ្ញា បណ្តាលឱ្យលិចលង់ផលដំណាំនិងផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួននៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ប៉ុន្តែមិនបង្កឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វនោះទេ។
អាជ្ញាធរស្រុកភ្នំព្រឹក បានឱ្យដឹងថា ទឹកភ្លៀងធ្លាក់គំហុកនេះបណ្តាលឱ្យប៉ះពាល់ដំណាំ ផ្ទះសំបែងប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៅក្នុងឃុំចំនួនបី គឺឃុំភ្នំព្រឹក ឃុំបារាំងធ្លាក់ និងឃុំបួរ នៃស្រុកភ្នំព្រឹក។
ជាមួយគ្នានេះ លោក សុងសុភ័ក្រ្ត អភិបាលស្រុកភ្នំព្រឹក ក៏បានដឹកនាំមន្រ្តីពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋានចុះពិនិត្យទីកន្លែងដែលជន់លិច និង ត្រៀមរៀបចំជម្លៀសពលរដ្ឋទៅ ទីទួលសុវត្ថិភាព ខណៈដែលគិតត្រឹមម៉ោងជាង ៣ រសៀលថ្ងៃទី០១ខែសីហា ទឹកភ្លៀងកំពុងបន្តធ្លាក់បន្ថែមទៀត៕











