មេបញ្ជាការកងទ័ពជើងគោក ជំរុញដល់កងពលតូចអន្តរាគមន៍លេខ១ ឲ្យផ្តោតការងារសំខាន់លើការរៀបចំសាលាហ្វឹកហ្វឺនពង្រឹងសមត្ថភាព

  • ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក បានជំរុញដល់កងពលតូចអន្តរាគមន៍លេខ១ ឲ្យផ្តោតជាសំខាន់លើ ការកសាងពង្រឹងក្នុងអង្គភាព រៀបចំសាលាហ្វឹកហ្វឺន ពង្រឹងទីកន្លែងហ្វឹកហ្វឺន ជំរំជម្រកស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានា ក៏ដូចជាគ្រឿងបំពាក់ និងមធ្យោបាយដឹកជញ្ជូន ដែលចាំបាច់បម្រើឱ្យការងារហ្វឹកហ្វឺន។

    ការជំរុញរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ដូចមនេះបាន ធ្វើឡើងនៅក្នុងពិធីបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធា សន្តិសុខ ឆ្នាំ២០២០ របស់កងពលតូចអន្តរាគមន៍លេខ១ នៅខេត្តកំពង់ឆ្នាំង កាលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០។


    ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្ថែមថា ការងារហ្វឹកហ្វឺន គឺជាការអាទិភាពចាំបាច់ ក្នុងនោះកម្លាំង ដែលមានស្រាប់ និងកម្លាំងបំពេញបន្ថែម ត្រូវទទួលបាននូវការហ្វឹកហ្វឺនពង្រឹងសមត្ថភាព ជាប់ជាប្រចាំ។ ម្យ៉ាងវិញទៀត បញ្ហាប្រឈមទៅអនាគត គឺបញ្ហាសមត្ថភាពនាយទាហាន ដែលមិនធ្លាប់ ឆ្លងកាត់បទពិសោធន៍លើសមរភូមិ ដូច្នេះការហ្វឹកហ្វឺន ព្រមទាំងការផ្ទេរបទពិសោធន៍ ជាក់ស្តែង និងចំណេះជំនាញពីនាយទាហានជំនាន់មុន ក៏ជាកត្តា កំណត់មួយ ដើម្បីធ្វើឱ្យនាយទាហានខ្លាំង កងទ័ពខ្លាំង។


    គួរបញ្ជាក់ថា ក្រៅពីជំរុញដល់កងពលតូចអន្តរាគមន៍លេខ១ ឲ្យផ្តោតជាសំខាន់លើការកសាងពង្រឹងក្នុងអង្គភាព រៀបចំសាលាហ្វឹកហ្វឺន ឧត្តមសេនីយ៍ឯកមេបញ្ជាការ ក៏បាន កោតសរសើរចំពោះស្នាដៃ និងសមិទ្ធផលការងាររបស់កងពលតូចអន្តរាគមន៍លេខ១ ដែលសម្រេចបាននៅក្នុងការបំពេញភារកិច្ច ការពារបូរណភាពទឹកដី ការថែរក្សាសន្តិភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ និងការត្រៀមអន្តរាគមន៍តាមបទបញ្ជា ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង