កំពង់ឆ្នាំង៖ អាជ្ញាធរស្រុកកំពង់លែង កម្លាំងជំនាញជលផល កម្លាំងនគរបាល កម្លាំងអាវុធហត្ថ និងផ្នែកសឹករងស្រុក កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានចុះបង្ក្រាបបទល្មើសនេសាទនៅ៤ទីតាំងក្នុងភូមិសាស្រ្ត ឃុំប្រឡាយមាស ស្រុកកំពង់លែង ដោយរឹបអូសបានឧបករណ៍ល្មើសបានមួយចំនួនធំ។
មន្រ្តីខណ្ឌរដ្ឋបាលជលផលខេត្ត បានអោយដឹងថា ក្នុងប្រតិបត្តិការចុះបង្រ្កាបនោះគឺរឹបអូសបាន របាំងសាច់អួនចំនួន ០៧កន្លែង ប្រវែង ៧០០ម៉ែត្រ លបលូចំនួន ១៤ មាត់ បង្គោលចំនួន ៣០០ដើម, ប្រលែងត្រីចំនួន ៣០ គីឡូក្រាម រុះរើសម្រាស់ចំនួន ០៣កន្លែង ស្មេីនឹង ៤៥០ម៉ែត្រការ៉េ មែកសម្រាស់ចំនួន ២០០មែក និងបង្គោលចំនួន ៣០ ដើម ។
គួរបញ្ជាក់ថា ទីតាំងទាំង៤ដែលកម្លាំងជំនាញបើកប្រតិបត្តិការចុះបង្រ្កាបនោះ រួមមាន ចំណុចវាលភក់ ក្រម៉ាល់ ដូនតី និងក្បាលកោះចោរ ស្ថិតនៅភូមិសាស្រ្ត ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។