កំពង់ឆ្នាំង៖ ដើម្បីពង្រឹងវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ អនាម័យ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រដ្ឋបាលខេត្តកំពង់ឆ្នាំង ហាមដាច់ខាតចំពោះការក្រាលកន្ទេលអង្គុយហូបអាហារ ផឹកស៊ី ចាក់ធុងបាស ដូចធ្លាប់មានជារៀងរាល់ឆ្នាំ គ្រប់រូបភាពណា នៅតាមរមណីយដ្ឋាននានា សួនច្បារ កន្លែងកំសាន្តផ្សេងៗ ។ នេះបើយោងតាមសេចក្តីណែនាំស្តីពីការពង្រឹងវិធានការមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និង ពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ អនាម័យ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កាលពីថ្ងៃទី០៥ ខែមេសា ។

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា នៅតាមរមណីយដ្ឋាននានា សួនច្បារ កន្លែងកំសាន្តផ្សេងៗ ដែលបងប្អូនប្រជាពលរដ្ឋអាចដើរកំសាន្ដ ដោយមធ្យោបាយ រថយន្ត ឬម៉ូតូ ឬថ្មើរជើង ក្នុងនោះត្រូវគោរពតាមវិធានការសុខាភិបាលយ៉ាងម៉ឺងម៉ាត់។
ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏ហាមឃាត់ជាដាច់ខាតទោះក្រោមរូបភាពណាក៏ដោយ ចំពោះពិធីជួបជុំផឹកស៊ី រាំកំសាន្ត ជប់លៀង ខារ៉ាអូខេ ភ្លឹប ប្រគុំតន្ត្រី ការលេងល្បែងកំសាន្ត និងការចល័តមកដាក់តាំងលក់ទំនិញជាដើម។
គួរបញ្ជាក់ថា វិធានការនេះ តម្រូវអោយអនុវត្តចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ រហូតដល់មានការណែនាំថ្មី៕