ក្បាលដីចំនួន១៧៤៣ក្បាលដី ស្ថិតនៅក្នុងភូមិធម្មយុត្តិ និងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ត្រូវបានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត កំពង់ឆ្នាំង រៀបចំបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២១។
ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធភូមិធម្មយុត្តិ និងភូមិម៉ុងបារាំង នាព្រឹកមិញនេះ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ គឺដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីដែលជាឯកសាររដ្ឋបាលបញ្ជាក់ពីសិទ្ធិជាម្ចាស់លើក្បាលដីនីមួយៗ។
លោកអភិបាលរងខេត្ត បានបន្តថា ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិ គឺជាម្ចាស់ដីធ្លីពេញលក្ខណៈហើយត្រូវបានការពារដោយច្បាប់។ ទន្ទឹមនេះបងប្អូនប្រជាពលរដ្ឋ ជាម្ចាស់ដីមានសិទ្ធិប្រើប្រាស់អាស្រ័យផល និងចាត់ចែងដីរបស់ខ្លួនផ្តាច់មុខ និងទូលំទូលាយ កុំឱ្យតែយកដីនោះទៅប្រើប្រាស់ក្នុងបទណាមួយដែលច្បាប់បានហាមឃាត់តែប៉ុណ្ណោះ នេះហើយដែលជាអត្ថន័យនៃតម្លៃប័ណ្ណកម្មសិទ្ធិដីធ្លី។
គួរបញ្ជាក់ថា ពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធភូមិធម្មយុត្តិ និងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នេះក៏មានការអញ្ជើញចូលរួមពីលោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង សមាជិក-សមាជិការគណៈកម្មការរដ្ឋបាល ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុង កងកម្លាំងទាំងបីប្រភេទ មន្ត្រីរាជការ ស្ថាប័នមីក្រូហិរញ្ញវត្ថុនានា និងប្រជាពលរដ្ឋផងដែរ៕