ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ នឹង​ស្ថាបនា​ផ្លូវ​ពី​ខ្លុង​ពពក​ទៅ​ទឹក​ធ្លាក់​ថ្ម​ក្រាល​ ស្រុក​ទឹ​ក​ផុស ​នៅ​ខែមិថុនា​ខាង​មុខ​នេះ​

  • កំពង់ឆ្នាំង បន្ទាប់ពីមានសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង តាមរយៈកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ដើម្បីឱ្យពន្លឿនការសាងសង់ផ្លូវពីខ្លុងពពក ទៅកាន់រមនីយដ្ឋាន ទឹកធ្លាក់ថ្មក្រាល ងាយសម្រួលដល់ការធ្វើដំណើរនោះ, ក្រសួងអភិវឌ្ឍន៍ជនបទ ដែលទទួលខុសត្រូវក្នុងការសាងសង់ផ្លូវនេះបានបញ្ជាក់ថា ក្រសួងបានបញ្ចប់នីតិវិធីលទ្ធកម្មរួចរាល់ហើយ សម្រាប់ការសាងសង់ផ្លូវនេះ នឹងចាប់ផ្តើមនៅចុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះហើយ។

    លោក ពិត ករុណា អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទបានបញ្ជាក់ថា«សម្រាប់ខ្សែផ្លូវពីខ្លុងពពក ទៅទឹកធ្លាក់ថ្មក្រាល ស្រុកទឹកផុសនេះ ស្ថិតនៅក្នុងក្របខណ្ឌគម្រោង CSLEP មានប្រវែង២២.៧១គីឡូម៉ែត្រ តម្លៃប្រមាណ ៣.៣៥ លានដុល្លារ បានបញ្ចប់ការដេញថ្លៃ និងផ្តល់កិច្ចសន្យាជូនក្រុមហ៊ុន Shanghai Construction Group។ ការសាងសង់នឹងចាប់ផ្តើមនៅចុងខែមិថុនា ឆ្នាំ២០២៥ខាងមុខ»។

    បើតាមលោក ពិត ករុណា, ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នឹងអញ្ជើញដោយផ្ទាល់ ក្នុងការបើកការដ្ឋានស្ថាបនា ខ្សែផ្លូវពីខ្លុងពពកទៅទឹកធ្លាក់ថ្មក្រាល ស្រុកទឹកផុស នាចុងខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ ។

    សូមបញ្ជាក់ថា តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាល មានទីតាំងស្ថិតនៅក្នុងភូមិកោះខ្ទុំ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងមានចម្ងាយ​២៨គីឡូម៉ែត្រ ​ពីទីរួមស្រុកទឹកផុស និងប្រមាណជា៥០គីឡូម៉ែត្រភាគខាងលិច នៃទីរួមខេត្តកំពង់ឆ្នាំង ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង