គណបក្សប្រជាជនកម្ពុជា ធ្វើវេទិការពិភាក្សាជាមួយយុវជន នៅខេត្តកំពង់ឆ្នាំង

  • កំពង់ឆ្នាំង ៖គណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំធ្វើវេទិការពិភាក្សា ជាមួយយុវជន ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍ យុវជនគណបក្ស ប្រជាជនកម្ពុជា ។

    ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង បានបញ្ជាក់
    ថា វេទិការនេះធ្វើឡើង ដើម្បីពង្រឹងសតិអារម្មណ៍ ទំនុកចិត្តជឿជាក់របស់យុវជន ចំពោះការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលជាខឿនសាមគ្គីជាតិដ៏រឹងមាំ និងផ្តល់នូវចំណេះដឹងបន្ថែមដល់យុវជន  ដើម្បីបន្តផ្សព្វផ្សាយជូនដល់ប្រជាជន នៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសទាក់ទងនឹងការពារបូរណភាពទឹកដីពីការរំលោភឈ្លានពានដ៏ឃោឃៅពីសំណាក់ប្រទេសថៃ នាពេលកន្លងមកនេះ។

    ដំណើរការវេទិកានេះ បានប្រព្រឹត្តទៅយ៉ាងផុលផុស ដោយមានការចូលរួមមតិយោបល់ សំណួរ និងសំណូមពរជាច្រើនពីសំណាក់យុវជន ដោយផ្តោតជាសំខាន់ពីវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការដោះស្រាយបញ្ហាព្រំដែន, ការអភិវឌ្ឍមូលធនមនុស្ស សមត្ថភាព បច្ចេកវិទ្យាឌីជីថល ជំនាញវិជ្ជាជីវៈដល់យុវជន, យុទ្ធនាការបោសសម្អាតការឆបោកតាមបច្ចេកវិទ្យា, ច្បាប់កាតព្វកិច្ចយោធា, ទាក់ទងនឹងអនុសាសន៍របស់សម្តេចធិបតី នាយករដ្ឋមន្រ្តី ក្នុងការពិចារណាលើទិដ្ឋភាពច្បាប់ដែលមានស្រាប់ក្នុងការ


    បញ្ចូនក្មេងទំនើងទៅបម្រើសកម្មភាពសមរភូមិជួរមុខ ដោយមិនមែនទៅធ្វើជាកងទ័ពកាន់កាំភ្លើងនោះទេ, ផលប៉ះពាល់នៃការបន្តឡើងថ្លៃប្រេងសាំង និងប្រេងម៉ាស៊ូតលើវិស័យកសិកម្ម, ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ, ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព, បញ្ហាដីធ្លី, ការផ្ដល់សេវាសាធារណៈ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបញ្ហាសំខាន់ៗជាច្រើនទៀត ៕ អត្ថបទ ហឹង ចូច /រូបថត សន គន្ធនិឌ្ឍន៍

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង