មន្ត្រី​ជំនាញ​អ៊ុយ​ក្រែន​ ចាប់​ផ្តើម​សិក្សា​ជំនាញ​ បោស​សំអាត​គ្រាប់​មីន​ និង​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ នៅ​កម្ពុជា​

  • កំពង់ឆ្នាំង ៖ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ បានចាប់ផ្តើមបើកវគ្គហ្វឹកហ្វឺនបច្ចេកវិទ្យាឧបករណ៍បោសសម្អាតមីន ដល់មន្ត្រីជំនាញសកម្មភាពមីនរបស់ប្រទេសអ៊ុយក្រែន ។ ពិធីបើកវគ្គហ្វឹកហ្វឺននេះ ត្រូវបានរៀបចំឡើងនៅវិទ្យាស្ថានបច្ចេក​ទេសសកម្មភាពកម្ចាត់មីនរបស់ CMAC នៅក្នុងខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តមហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក CMAC និង មន្ត្រីជាន់ខ្ពស់នៃអង្គការ JICA ទីក្រុងតូក្យូ។

    ការសិក្សានិងហ្វឹកហ្វឺនជំនាញបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់មន្ត្រីអ៊ុយក្រែននេះ គាំទ្រដោយរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ សកម្មភាពមីនមនុស្សធម៌លើវិស័យដោះមីននេះ កើតចេញពីការប្តេជ្ញាចិត្តរួមគ្នារវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio ក្នុងជំនួបទ្វេភាគី ក្នុងកំឡុងកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

    សេចក្តីប្រកាសព័ត៌មានរបស់ CMAC ដែលចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ថា ផលប៉ះពាល់នៃគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ លើទឹកដីអ៊ុយក្រែន ដែលបណ្តាលឱ្យមានជនស៊ីវិលស្លាប់បាត់បង់ជីវិត និងកំពុងក្លាយជាឧបសគ្គសម្រាប់ប្រជាជនអ៊ុយក្រែន ហើយកិច្ចខិតខំប្រឹងប្រែង​បោសសម្អាតទាមទារ ឱ្យមានការតស៊ូ និងការអត់ធ្មត់ ដោយត្រូវការពេលវេលាយូរ ដើម្បីសុវត្ថិភាព និងស្តារជីវភាពឡើងវិញរបស់ប្រជាពលរដ្ឋអ៊ុយក្រែន។

    ប្រទេសកម្ពុជា ឆ្លងកាត់សង្រ្គាមជាច្រើនទស្សវត្សរ៍ ដែលបានបន្សល់ទុកនូវគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ រាប់លានគ្រាប់រាយប៉ាយនៅទូទាំងប្រទេស។ ដោយសារតែបទពិសោធន៍ និងការឈឺចាប់នៃផលប៉ះពាល់ដោយសារសង្គ្រាម ដែលបន្សល់ទុកនូវគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់នេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកិច្ចសហប្រតិបត្តិការ លើវិស័យសកម្មភាពមីន ជាសកម្មភាពមនុស្សធម៌ មានសារៈសំខាន់សម្រាប់ជួយដល់ប្រទេស និងប្រជាជនអ៊ុយក្រែន ដែលកំពុងរងគ្រោះដោយសារសង្គ្រាម ដូចកម្ពុជាកាលពីជាង ៣០ឆ្នាំមុនដែរ។

    សូមជម្រាបថា មន្ត្រីជំនាញសកម្មភាពមីនរបស់អ៊ុយក្រែន ចាប់ផ្តើមហ្វឹកហ្វឺនជំនាញដោះមីន រយៈពេលពេញមួយសប្តាហ៍ ចាប់ពីថ្ងៃទី១៦ ខែមករាឆ្នាំ​២០២៣ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកម្ចាត់មីនរបស់ CMAC នៅក្នុងខេត្តកំពង់ឆ្នាំង, ធ្វើទស្សនកិច្ចតាមការដ្ឋានដោះមីន នៅខេត្តបាត់ដំបង និងសៀមរាបជាដើម ។

    សូមបញ្ជាក់ផងដែរថា អង្គភាព CMAC គឺជាអង្គភាពបោសសម្អាតមីន គាំទ្រសកម្មភាពមនុស្សធម៌ ដែលមានវ័យចំណាស់ និងធំជាងគេបង្អស់នៅលើពិភពលោក។ សម្រាប់ការហ្វឹកហ្វឺនជំនាញដោះមីន ដល់សិក្ខាកាមអន្តរជាតិនេះ មិនមែនជាលើកទី១ សម្រាប់មន្ត្រីអ៊ុយក្រែនទេ កន្លងមកដោយមានការគាំទ្រដោយរដ្ឋាភិបាល និងប្រជាជនជប៉ុន អង្គភាព CMAC ធ្លាប់បានហ្វឹកហ្វឺនការដោះមីន ដល់ប្រទេសជាច្រើនដូចជា កូឡុំប៊ី, អ៉ីរ៉ាក់, អង់ហ្គោឡា និង​ឡាវជាដើម ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង