ដោយសារជម្លោះរឿងស្នេហា មិនអាចបំភ្លេចបានក្មេងទំនើង២ក្រុម ជិះម៉ូតូកាប់គ្នា ដូចរឿងហុងកុង បានធ្វើឲ្យ១ក្រុមដេកពេទ្យ ចំណែក១ក្រុមត្រូវបានចាប់ខ្លួន និង ត្រូវបានតុលាការចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារ។

ក្រោយពីកើតហេតុហើយ ម្ដាយរបស់ជនរងគ្រោះឈ្មោះខាន់ លីហ័ង អាយុ៣៤ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដាក់ពាក្យប្តឹងទៅអាវុធហត្ថ។

ដោយទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រីបោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, លោកវរសេនីយ៍ត្រីនួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានអាវុធហ្ថក្រុងប៉ោយប៉ែត បានដឹកនាំអាវុធហត្ថ ចុះស្រាវជ្រាវដល់កន្លែងកើតហេតុ ហើយឈានដល់ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៥នាក់ រួមមាន៖ ១.ឈ្មោះស៊ុន រ៉ាម៉ី អាយុ១៧ឆ្នាំ ២.ឈ្មោះហៃ ម៉េងហាក់ អាយុ១៧ឆ្នាំ ៣.ឈ្មោះ ផាត ប្រុស អាយុ១៦ឆ្នាំ ៤. ឈ្មោះជិន មិថុនា អាយុ១៨ឆ្នាំនិង ៥.ឈ្មោះថន អារុណប្រាថ្នា អាយុ១៩ឆ្នាំ ។
កម្លាំង ក៏បានដកហូតវត្ថុតាងរួមមាន៖ កាំបិតកែឆ្នៃដងដែក១ដើម, កាំបិតប៉័ងតោ១ដើម, ពូថៅ១ដើម និង ម៉ូតូចំនួន២គ្រឿង។
សង្ស័យបានឆ្លើយសារភាពថា ពួកគេមានគំនុំជាមួយឈ្មោះឌឿន រ៉ានុត ដោយធ្លាប់កាប់មកលើពួកគេ និង ដណ្ដើមសង្សារបស់ឈ្មោះស៊ុន រ៉ាម៉ី ទៀតផង ៕