ឃាត់​ខ្លួន​​ជនជាតិ​ចិន២​នាក់ និង​រឹបអូស​គ្រឿងញៀន​បាន​ជាង​៧០​គីឡូ​ក្រាម

  • កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានស្រាវជ្រាវ ឃាត់ខ្លួន ជនជាតិចិន ២នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនឆ្លងដែន និង​ដក​ហូតគ្រឿងញៀនជាង៧០គីឡូក្រាម។ ប្រតិបត្តិការឃាត់ខ្លួនក្រុមជនសង្ស័យបានធ្វើឡើងដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង​ទទួល​ផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោម​ការ​បញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយក មន្ទីរប្រឆាំង​បទល្មើស​គ្រឿងញៀន។

    ប្រភពពីមន្ត្រីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងថា កម្លាំងជំនាញបន្តការស៊ើបអង្កេតតាមជំនាញ លើករណី​ជួញ​ដូរគ្រឿង​ញៀន​ឆ្លងដែនតាមផ្លូវគោក ឆ្លងកាត់កម្ពុជា ទៅវៀតណាម ដែលបានសហការបង្ក្រាបនៅខេត្តស្វាយរៀង កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២១។

    ប្រភពដដែលបន្តថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង១៩នឹង០៥នាទី កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើស​គ្រឿង​​ញៀន (ក១០) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក តឹក សូនី នា​យ​ការិ​​យា​ល័យ ក១០ ព្រមទាំងដឹកនាំសម្របសម្រួលពី លោក សឿន មុនីរត្ន័ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង​រាជធានី​ភ្នំពេ​ញ បានបើកកិច្ចប្រតិបត្តិការ បន្តបង្រ្កាបករណីរក្សាទុក ជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវគោក នៅចំណុចទល់មុខ​ផ្សារម៉ាត​ស៊ី​ផ្លេស ក្នុងបុរីប៉េងហួតបឹងស្នោ និងឆែកឆេរលំនៅដ្ឋានជនសង្ស័យ ផ្ទះលេខ២៧ ផ្លូវP10 បុរីប៉េងហួតបឹងស្នោរ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។សមត្ថកិច្ចបានឃាត់ខ្លួនមេក្លោងឧក្រិដ្ឋជនគ្រឿងញៀន ចំនួន០២នាក់ៈ ទី១-ឈ្មោះ LIU JIC ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន, ទី២-ឈ្មោះ CHAN HUNG FAI ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិចិន

    វត្ថុតាងដកហូតៈ ១.សារធាតុញៀនប្រភេទ អ៊ិចស្តាស៊ី(MDMA) ទម្ងន់៥២គ.ក ៧៦៨.៥០ក្រាម, ២. ហេរ៉ូអ៊ីន ចំនួន ៤៩ដុំ ស្មើទម្ងន់១៧​គ.ក ២៩២.៥៩ក្រាម, ៣.មេតំហ្វេតាមីន(ICE) ១១.៧៩ក្រាមចាប់យកវត្ថុតាងគ្រឿង​​ញៀន សរុប ៧០គ.ក ០៧២.៨៨ក្រាម។

    មន្ត្រីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បញ្ជាក់ថា ជនល្មើសទាំង២នាក់បានឆ្លងកាត់ការយកសំណាកធ្វើRapid Test រកជំងឺកូវីដមាន លទ្ធផល” អវិជ្ជមាន” ។ សមត្ថកិច្ចកំពុងបន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ តាមចាប់មុខសញ្ញាពាក់ព័ន្ធ កំពុងរត់គេចខ្លួន បើកការ​ស៊ើប​អង្កេត បទល្មើសសម្អាតប្រាក់។

    បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការ តាមនីតិវិធី ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង